អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកថាឥណ្ឌា និងប៉ាគីស្ថានហៀបតែ នឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរ
អាមេរិក៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងក្នុងសៀវភៅរំឭកការចងចាំរបស់លោកថា ឥណ្ឌា និងប៉ាគីស្ថាន បិះផ្ទុះសង្រ្គាមនុយក្លេអ៊ែរជាមួយគ្នានៅខែកុម្ភៈឆ្នាំ ២០១៩។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC ។
លទ្ធភាពដ៏គ្រោះថ្នាក់នេះ បានកើតឡើងបន្ទាប់ពីក្រុងដេលីបាន បើក ការវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងទឹកដីប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារលើទាហានឥណ្ឌារបស់ខ្លួននៅតំបន់កាស្មៀរ។ ប៉ាគីស្ថានអះអាងនាពេលនោះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ ចម្បាំងរបស់យោធាឥណ្ឌាពីរគ្រឿង និងចាប់អ្នកបើកយន្តហោះ ចម្បាំងម្នាក់។
គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថានទាមទាររៀងៗខ្លួនយកតំបន់ កាស្មៀរទាំងមូល ប៉ុន្តែបច្ចុប្បន្នបែងចែកគ្នាគ្រប់គ្រងដោយផ្នែក។ឥណ្ឌាបានចោទប៉ាគីស្ថានជាយូរមកហើយ ពីការគាំទ្រក្រុម សកម្មប្រយុទ្ធបំបែកខ្លួននៅជ្រលងភ្នំកាស្មៀរ ប៉ុន្តែប៉ាគីស្ថាន ច្រានចោលការចោទប្រកាន់នេះ។
ប្រទេសជិតខាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ បានប្រយុទ្ធគ្នាចំនួនបីដង ចាប់តាំងពីទទួលឯករាជ្យពី ចក្រភព អង់គ្លេស ហើយបែងចែកប្រទេសគ្នាក្នុងឆ្នាំ ១៩៤៧។
ក្នុងសៀវភៅដែលមានចំណងជើងថា «ក្នុងការមិនផ្លាស់ប្រែ៖ ប្រយុទ្ធដើម្បីអាមេរិកដែលខ្ញុំស្រឡាញ់» ឬជាភាសាអង់គ្លេសថា «In Never Give An Inch: Fighting for the America I Love» លោក Pompeo និយាយថា លោកមិនគិតថា «ពិភពលោកដឹង ច្បាស់ថាតើការប្រជែងគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន បិះនឹងធ្វើឱ្យ សង្រ្គាម អាវុធនុយក្លេអ៊ែរផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៩ នោះទេ»។ លោកបន្តថា៖ «ការពិត ខ្ញុំក៏មិនដឹងចម្លើយច្បាស់លាស់ដែរ ខ្ញុំគ្រាន់តែដឹងថាកៀកខ្លាំង»។
អតីតរដ្ឋមន្រ្តីដែលបម្រើការក្នុងអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ និយាយទៀតថា លោកនឹងមិនភ្លេចរាត្រី នៅទីក្រុងហាណូយ ក្នុងកិច្ចប្រជុំកំពូលចរចាគ្នាជាមួយកូរ៉េខាង ជើងស្តីពីអាវុធនុយក្លេអ៊ែរ ខណៈដែល «ឥណ្ឌា និងប៉ាគីស្ថាន ចាប់ផ្តើមគំរាមកំហែងគ្នាទៅវិញទៅមកទាក់ទងនឹងជម្លោះដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ជុំវិញតំបន់ព្រំដែនភាគខាងជើងនៃតំបន់កាស្មៀរ នោះទេ»។
យោងតាមលោក Pompeo បន្ទាប់ពីការវាយប្រហារភេរវកម្មរ ដ្ឋអ៊ិស្លាមលើកងទ័ពឥណ្ឌា ដែលសម្លាប់ទាហានជាង ៤០ នាក់ ឥណ្ឌាបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសនៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបន្តថា៖ «ប៉ាគីស្ថានបានបាញ់ទម្លាក់យន្ត ហោះ ចម្បាំងនៅក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ហើយចាប់បាន អាកាសយានិកឥណ្ឌាធ្វើជាអ្នកទោស»។
លោក Pompeo និយាយទៀតថា លោកត្រូវបានគេដាស់ នៅទីក្រុង ហាណូយ ដើម្បីនិយាយជាមួយ «សមភាគី» ដែលជឿថា «ប៉ាគីស្ថាន បានចាប់ផ្តើមរៀបចំអាវុធនុយក្លេអ៊ែររបស់ពួកគេ សម្រាប់ការវាយ ប្រហារ» ។ លោក Pompeo មិនបានបញ្ចេញឈ្មោះសមភាគីនោះទេ ប៉ុន្តែបុគ្គលនោះអះអាងថា ឥណ្ឌាក៏កំពុងត្រៀមខ្លួនដើម្បីទប់ទល់ នឹងភាពតានតឹងដែលកើតឡើងផងដែរ។
អតីតរដ្ឋមន្រ្តីបន្តសរសេរថា៖ «ខ្ញុំសុំឱ្យគាត់(សមភាគីឥណ្ឌា)កុំធ្វើអ្វី ហើយទុកពេលឱ្យយើងបន្តិចដើម្បីដោះស្រាយ»។ ហើយរួចមក លោក Pompeo ក៏ចាប់ផ្តើមធ្វើការជាមួយទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ដែលនៅជាមួយលោកនាពេលនោះ នៅ កន្លែងទាក់ទងគ្នាក្នុងសណ្ធាគារក្រុងហាណូយ។
លោក Pompeo បានបន្តថា លោកបានទាក់ទងទៅមេទ័ពរបស់ ប៉ាគីស្ថានដែលបម្រើការនាពេលនោះ គឺលោកឧត្តមសេនីយ Qamar Javed Bajwa ហើយប្រាប់ពីព័ត៌មានដែលលោកទទួលបានពី «សមភាគីឥណ្ឌា»។ លោកសរសេរបន្តថា លោក( Javed Bajwa) បានច្រានចោលថាជារឿងមិនពិត ហើយថា ឥណ្ឌាកំពុងរៀបចំ អាវុធនុយក្លេអ៊ែររបស់ពួកគេសម្រាប់ដាក់ពង្រាយ។
លោក Pompeo គូសបញ្ជាក់ថា ប្រតិបត្តិការសម្រប សម្រួល គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន បានចំណាយពេល ២-៣ ម៉ោង មុនភាគីនីមួយៗជឿថាគ្មាននរណាម្នាក់ត្រៀមនុយក្លេអ៊ែរ។ លោកបន្តថា៖ «គ្មានប្រទេសណាផ្សេងទៀត បានធ្វើនូវអ្វីដែល យើងបានធ្វើនៅយប់នោះ ដើម្បីជៀសវាងនូវលទ្ធផល ដ៏ អាក្រក់នោះទេ»។
គិតត្រឹមរសៀលថ្ងៃពុធ ឥណ្ឌា និងប៉ាគីស្ថាន មិនបានចេញប្រតិកម្ម យ៉ាងណាទាក់ទងនឹងការអះអាងរបស់លោក Pompeo នៅ ឡើយទេ។
គួររំឭកថា ការវាយប្រហារឆ្នាំ ២០១៩ លើទាហានឥណ្ឌាត្រូវបាន ក្រុមដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន Jaish-e-Mohammad (JeM) ប្រកាសទទួលខុសត្រូវ ហើយឥណ្ឌា បានប្តេជ្ញាសងសឹកវិញ។
ការវាយប្រហារតាមអាកាសរបស់ឥណ្ឌានាពេលនោះ បានឆ្លង កាត់ខ្សែបន្ទាត់នៃការគ្រប់គ្រង (LoC) ដែលបែងចែកទឹកដីឥណ្ឌា និងប៉ាគីស្ថាន ក្នុងសកម្មភាពយោធាតានតឹងលើកទី១ចាប់តាំង ពីសង្រ្គាមនៅឆ្នាំ ១៩៧១។ ឥណ្ឌាអះអាងថា ខ្លួនបានសម្លាប់ ពួកសកម្មប្រយុទ្ធមួយចំនួនធំ ប៉ុន្តែប៉ាគីស្ថានច្រានចោលថាជា សកម្មភាពមិនចេះគិតគូរ៕
ដោយ៖ហួន ឌីណា
ប្រភព៖ India and Pakistan came close to nuclear war: Pompeo https://www.bbc.com/news/world-asia-india-64396138