រដ្ឋាភិបាលនិរទេសរបស់មីយ៉ាន់ម៉ា អរគុណចិនចំពោះ ជំហរ ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប

ណៃពិដោ៖ ក្នុងសារជូនពរឆ្នាំថ្មីចិន ក្រសួងការបរទេសនៃ រដ្ឋាភិបាល រួបរួមជាតិ(NUG)របស់មីយ៉ាន់ម៉ា ដែលស្ថិតនៅក្រៅប្រទេសបាន ថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ជំហរអព្យាក្រឹតលើសេចក្ដី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី The Irrawaddy កាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលបក្ស NUG លោកស្រី Daw Zin Mar Aung បាននិយាយក្នុងសារឆ្នាំថ្មីចិនផ្ញើជូនសមភាគីចិនរបស់លោកស្រីថា៖ «យើង (NUG) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់យើង ចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការគាំទ្ររបស់ពួកគេលើការប្រគល់អំណាចជូនប្រជាជននៃប្រទេសមីយ៉ាន់ម៉ា»។

គួររំឭកថា កាលពីខែធ្នូ UNSCបានអនុម័តលើសេចក្ដីសម្រេច លើក ដំបូងរបស់ខ្លួនលើបញ្ហាមីយ៉ាន់ម៉ា ដោយទាមទារឱ្យបញ្ចប់អំពើហិង្សា គ្រប់ទម្រង់ ដោះលែងអ្នកទោសដែលត្រូវបានចាប់ឃុំខ្លួនតាម អំពើ ចិត្តទាំងអស់ជាបន្ទាន់ រួមទាំងលោកស្រី អ៊ុង សានសូជី និង លោក ប្រធានាធិបតី U Win Myint ហើយធ្វើការ អនុវត្តកុងសង់ ស៊ីស ៥ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ សេចក្ដីសម្រេចនោះ ត្រូវបានអនុម័តឡើងដោយគ្មានការប្រឆាំង ដោយចិន និងរុស្ស៊ី និងឥណ្ឌា បានបោះឆ្នោតអនុប្បវាទ។

លោកស្រី Daw Zin Mar Aung បានលើកឡើងថា ការសម្រេច ចិត្តរបស់ចិនមិននៅខាងរដ្ឋាភិបាលយោធា ដែលកំពុងគាប សង្កត់ ប្រជាជនមីយ៉ាន់ម៉ា «គឺជាភស្តុតាងនៃភាពជាអ្នកជិតខាងដ៏ល្អ របស់ សាធារណរដ្ឋប្រជាមានិតចិន ហើយប្រជាជនមីយ៉ាន់ម៉ា នឹងចងចាំ ជានិច្ច លើជំហររបស់ចិន»។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោកអគ្គ មេបញ្ជាការកងទ័ព មីង អ៊ុងឡាង និងរដ្ឋាភិបាលនិរទេសខ្លួន NUG ដែលប្រឆាំងនឹងភាពស្របច្បាប់របស់របបសឹកមីយ៉ាន់ម៉ាទាំងក្នុង និងក្រៅប្រទេស កំពុងតែទាក់ទាញការពេញចិត្តពីប្រទេសជិត ខាង ដ៏មានឥទ្ធិពលចិន។ ចិនគឺជាអ្នកវិនិយោគដ៏សំខាន់ និង គ្រប់ គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាច្រើននៅមីយ៉ាន់ម៉ា រួមទាំងបំពង់បង្ហូរថាមពល និងកំពង់ផែមួយដែលបានស្នើសាងសង់ ឡើង ដែលនឹងបើកផ្លូវឱ្យទីក្រុងប៉េកាំងចូលទៅកាន់មហាសមុទ្រ ឥណ្ឌា ស្រួល។

ក្រៅពីនេះ ចិនក៏មានឥទ្ធិពលលើក្រុមប្រដាប់អាវុធជន ជាតិ ភាគតិចមួយចំនួនដែលសកម្មនៅជិតព្រំដែនផងដែរ ហើយជា ប្រទេសមួយក្នុងចំណោមប្រទេសដ៏មានឥទ្ធិពលមួយចំនួន ដូចជា រុស្ស៊ី ដែលមានទំនាក់ទំនងជាមួយរបបយោធាចាប់តាំង ពីរដ្ឋប្រហារ ដើមខែកុម្ភៈឆ្នាំ ២០២១ ឧទាហរណ៍ដូចជាតាមរយៈការផ្គត់ផ្គង់ អាវុធ ជាដើម៕
ដោយ៖ហួន ឌីណា
ប្រភព៖ Myanmar’s Civilian National Unity Govt Thanks China for UN Stance https://www.irrawaddy.com/news/the-world-myanmar/myanmars-civilian-national-unity-govt-thanks-china-for-un-stance.html

ads banner