សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់រឿង២ ដែលកំពុងផ្ទុះការជជែកវែកញែកលើបណ្តាញសង្គម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពី ប្រធានបទចំនួន ២ ដែលកំពុងមានការវែកញែកគឺ ករណីលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ និងបង្កើតទៅជាការជជែករកខុសត្រូវរវាងអ្នកសារព័ត៌មានផ្សាយផ្ទាល់ពីទីនោះ និងអ្នកជួយលើកម៉ូតូជនរងគ្រោះ។ ករណីមួយទៀតគឺ គ្រូកាត់សក់សិស្សនៅខេត្តបាត់ដំបង ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជជែកវែកញែកដោយមតិខុសៗគ្នា។ រឿងទាំងពីរនេះ សម្តេចស្នើឱ្យបញ្ចប់ត្រឹមនេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ រឿងបញ្ហានៅជ្រោយចង្វាឈប់បានឈប់ទៅ មិនបាច់បន្តទេ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ចទេ តើអ្នកកាសែតនោះមានសិទ្ធិអ្វី។ ខ្លួនជាអ្នកសារព័ត៌មាន និយាយមិនសមរម្យ។
សម្ដេចបន្តថា មានអ្នកខ្លះក៏បានលើកឡើងដែរថា គួរតែលុបចោលអាជ្ញាប័ណ្ណ ហើយក៏សូមឲ្យព្រះរាជអាជ្ញាចោទប្រកាន់ជាដើម។ មិនចាំបាច់បន្តទេ ឈប់បានឈប់ទៅ ត្រូវចាំថា អ្នកសារព័ត៌មានមិនមែនជានគរបាល ហើយអ្នកដែលជួយគេក៏មិនមែនជានគរបាលយុត្តិធម៌ដែរ ប៉ុន្តែគាត់មានចិត្តចង់ជួយកុំឲ្យស្ទះចរាចរណ៍។
ដោយឡែក ពាក់ព័ន្ធនឹងរឿងមួយទៀតគឺ គ្រូកាត់សក់សិស្សនៅខេត្តបាត់ដំបង ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជជែកវែកញែកដោយមតិខុសៗគ្នា អ្នកខ្លះថាគួរកាត់ អ្នកខ្លះថាមិនគួរកាត់សក់សិស្សទេ អ្នកខ្លះគាំទ្រគ្រូ អ្នកខ្លះគាំទ្រសិស្ស សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យបញ្ចប់ផងដែរ។ សម្តេច ថា៖ ប្រសិនបើនៅតែជជែកទៀត រឿងនេះមិនដឹងថ្ងៃណាចប់ទេ ៕ ដោយ វណ្ណលុក