ធនាគារសហគ្រាសធុនតូច និងមធ្យមផ្តល់កម្ចីដល់អាជីវ កម្មទេសចរណ៍ជាង ៣០០ ដែលមានទឹកប្រាក់ជាង ៤៣លានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម ឬធនាគារ SME បានផ្តល់កម្ចីដល់អាជីវកម្មទេសចរណ៍ជាង៣០០ដែលមានទឹកប្រាក់សរុបជាង៤៣លានដុល្លារនៅឆមាសចុងក្រោយនៃឆ្នាំ២០២២។នេះបើតាមបញ្ជាក់របស់ថ្នាក់ដឹកនាំធនាគារ SME ដែលបានផ្សាយជាសាធារណៈកាលពីថ្ងៃទី២៥ខែមករា។ ថ្នាក់ដឹកនាំធនាគារSMEបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុ មួយនេះ បាន ផ្ដល់ប្រាក់កម្ចីទៅដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣០៤ ដែលមានកម្ចីសរុបចំនួន ៤៣,៣៥លានដុល្លារ ។

លោក លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រាប់ឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានស្តារ និង ជំរុញ កំណើនក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មក មានលក្ខណៈយឺតយ៉ាវជាងគម្រោងមុនៗបន្តិច ដោយសារតែ គម្រោងនេះគឺសម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះនិងមានលក្ខណៈចង្អៀតជាងគម្រោងSMEមុន ដែលមានអតិថិជន គោលដៅ ច្រើន។លោកបានបន្ថែមថា សម្រាប់ការផ្តល់កម្ចីជូនវិស័យ ទេស ចរណ៍ នេះទៀតសោត មានតែអាជីវកម្មទេសចរណ៍តែប៉ុន្មាន ប្រភេទ ប៉ុណ្ណោះដែលអាចទទួលបានកម្ចីខណៈដែលម្ចាស់អាជីវកម្មមួយចំនួនក៏នៅមានភាពស្ទាក់ស្ទើរនៅឡើយចំពោះការដាក់ស្នើកម្ចីដោយសារស្ថានភាពនៃវិបត្តិមិនទាន់បានប្រសើរឡើងខ្លាំង ស្របពេលការងើប ឡើងនៃវិស័យទេសចរណមិនទាន់មានភាពនឹងនរនៅឡើយ។

លោកបានបញ្ជាក់ថា៖« យើងកំពុងធ្វើការងារជាមួយនឹង គ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួមទាំងអស់ (PFIs) ដោយខាងក្រសួងសេដ្ឋកិច្ច ក៏បាន ជំរុញឱ្យយើងធ្វើការងារនេះឱ្យបានលឿនផងដែរ ដើម្បីឱ្យទុន នេះ ទៅដល់ដៃអតិថិជនដែលជាម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យចាប់ផ្តើម អាជីវកម្មទេសចរណ៍ឡើងវិញបានទាន់ពេលវេលា»។

លោកបានបន្តទៀតថា ការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងវិស័យ ទេសចរណ៍ តាមធនាគារSMEនេះ ថ្វីត្បិតមិនបានច្រើន តែវា អាច រួមចំណែកបានខ្លះក្នុងការផ្តល់ទុន ដើម្បីឱ្យពួកគាត់អាចស្តារអាជីវកម្ម របស់ឡើងវិញ ក្រោយជួបវិបត្តិកូវីដ១៩នេះ។

លោកបង្ហាញូវការកត់សម្គាល់ថា៖« តាមការជាក់ស្តែងយើងឃើញថា ទេសចរណ៍ចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរ បើទោះបីជាមិន ដូចពីមុនក៏ដោយ។ជាឆន្ទៈរបស់SME Bank យើងចង់ជំរុញឱ្យ ការ ប្រើប្រាស់ថវិកានៅក្នុងគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ នេះ ប្រើប្រាស់អស់ក្នុងពេលឆាប់ៗនេះ ដោយយើងរំពឹងថា ថវិកានេះអាចប្រើអស់នៅក្នុងខែកក្កដា ឆ្នាំ២០២៣»។

ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។

រដ្ឋាភិបាលនិងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានអនុម័តគម្រោង សហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍បន្ទាប់ពីកូវីដ១៩ដែល មានថវិកាសរុបចំនួន ១៥០ លានដុល្លារ។ ក្នុងនោះថវិកាបដិភាគ របស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារ និងថវិកាបដិភាគរបស់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារ។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យទេសចរណ៍ ក៏ជាកត្តាមួយដែលបានជំរុញកំណើន សេដ្ឋកិច្ច កម្ពុជាផងដែរ ខណៈដែលឆ្នាំ២០២៣ ក៏រំពឹងវិស័យទេសចរណ៍ នឹងកាន់តែមានប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមយល់ឃើញថា ៖«នៅឆ្នាំ២០២៣នេះ ការព្យាករណ៍ពី កំណើនភ្ញៀវទេសចរបរទេស៤,៣លាននាក់ នឹងអាចមានភ្ញៀវ ទេសចរ ចិន ក្នុងរង្វង់ពីរលាននាក់ផងដែរហើយការអនុគ្រោះ បច្ចុប្បន្នមាននៅតែខេត្តសៀមរាបមួយទេ។ដូចនេះម្ចាស់ អាជីវកម្ម ទេសចរណ៍ទាំងអស់នឹងទទួលបានចំណូលមកវិញនៅឆ្នាំនេះ។យើងដឹងអាជីវកម្មភាគច្រើនខ្លះទុនក្នុងការបើកឡើង វិញខណៈ ដែលកន្លងទៅរដ្ឋបានជួយច្រើនហើយ ទាំងថវិកាសហហិរញ្ញប្បទាន និងថវិកាសម្រាប់ជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍»។

គួរជម្រាបថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញ កំណើនក្នុងវិស័យទេសចរណ៍ ដោយម្ចាស់អាជីវកម្មក្នុងវិស័យ ទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ ដុល្លារ ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦,៥ភាគរយ ក្នុងមួយឆ្នាំ ដែលរយៈពេលឥណទាន រហូតដល់ ប្រាំពីរឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ៕
ដោយ៖វណ្ណ សុជាតា

ads banner