មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា មិនមានអ្វីគួរឱ្យព្រួយបារម្ភ ចំពោះបញ្ហាបំណុលសាធារណៈនោះទេ
ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ធ្វើការពន្យល់បកស្រាយថា កម្ពុជាមិនទាន់វ័ណ្ឌកដោយ សារបំ ណុល សាធារណៈនោះទេ ប៉ុន្តែអ្វីដែលត្រូវព្រួយបាម្ភ គឺបំណុល ឯកជន ខណៈដែលរដ្ឋកំពុងបង្កើនការគ្រប់គ្រងឱ្យបានល្អ។
ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ដោយសារតែការដំឡើងអត្រា ការប្រាក់ពីធនាគារកណ្តាលនៃបណ្តាប្រទេសធំៗក្នុងពិភពលោក បានធ្វើឱ្យបំណុលឯកជនកាន់តែធំ ដែលធ្វើឱ្យបន្ទុកសេវាបំណុល របស់ប្រជាជន ក្នុងផ្នែកវិស័យឯកជនកាន់តែធ្ងន់ធ្ងរ ដោយពីមុន ការ ប្រាក់៧ទៅ៨ភាគរយ បានឡើងដល់៩ទៅ១០ភាគរយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖« យើងមានសង្ឃឹមថា អាមេរិកលែង ដំឡើងអត្រាការប្រាក់លឿនទៀតហើយ បើទោះជាឡើង ក៏ក្នុង កម្រិតតិចតួច និងយឺតដែរ។ ដោយសារតែនិន្នាការនៃការធ្លាក់ចុះ នៃអតិផរណារបស់ពិភពលោក»។
លោកបានបន្ថែមថា៖«ចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីពីបរទេសនិងក្នុងស្រុក ចំនួន១៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ មាន ទំហំមិន ស្មើ នឹង២០ភាគរយ នៃចំណាយសរុបឆ្នាំ២០២៣នោះទេ។ដោយខុស ពីឆ្នាំ១៩៩៥ ដែលពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាង ក្រៅ រហូតដល់ ៧៥ភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួន ឯងរហូតដល់ ៨៣ភាគរយ ពឹងផ្អែកថវិកាខាងក្រៅតែ ជាង១៧ ភាគរយ ប៉ុណ្ណោះ»។
បើតាម រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចរូបនេះ គិត ត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈ ចំនួន ជិតមួយម៉ឺនលានដុល្លារ (៩ ៩៧២,៥៩លានដុល្លារ)ក្នុងនោះ បំណុលក្រៅប្រទេស ៩ ៩៥៥.០៨លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលមានជិត ២០លានដុល្លារ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ អះអាងថា បំណុល សាធារណៈរបស់កម្ពុជាកម្រិតប្រមាណ ៣៤ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀបធៀប ជាមួយបណ្តាប្រទេសនៅអាស៊ាន គឺកម្ពុជាមានបំណុល សាធារណៈតិចជាងគេបង្អស់ បន្ទាប់ពីប្រទេសព្រុយណេ ដែលជាប្រទេសមិនមានខ្ចីបំណុលពីបរទេសឡើយ។
ឯកឧត្តមបានបញ្ជាក់ថា ៖«ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជានៅតិចជាងគេទាំងអស់ នៅអាស៊ាននេះ បំណុល សាធារណៈរបស់កម្ពុជា គឺ តិចជាងគេ បន្ទាប់ពីព្រុយណេ ព្រោះ ព្រុយណេ មិនមានខ្ចីលុយគេចាយទេ ។
ដោយឡែកបំណុលសម្រាប់ពលរដ្ឋម្នាក់ៗក៏ទាបដែរ ប្រជាជន យើងម្នាក់ជំពាក់ប្រមាណ ៦០០ដុល្លារ ខណៈសម្រាប់អាមេរិកវិញ បំណុលអាមេរិកមានជាង១២០ទៅ១៣០ភាគរយ នៃ GDP »។
ឯកឧត្តមបន្ថែមថា តួលេខនេះបង្ហាញថា កម្ពុជាមានឯករាជ្យ ភាពខ្លួនឯង ពឹងផ្អែកខ្លាំងចំណូលផ្ទៃក្នុងរបស់កម្ពុជា ពន្ធគយ និងពន្ធដារ ដែលមានការកើនឡើង កាត់បន្ថយនៃការពឹងផ្អែកថវិកា ពីបរទេស។
គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈ ក្រៅ ប្រទេសចំនួន ៩៩៥៥.០៨លានដុល្លារ ក្នុងនោះបំណុល ប្រទេស ចិនចំនួន៤០ភាគរយ, បំណុលធនាគារអភិវឌ្ឍន៍អាស៊ី ២១ភាគរយ, បំណុលទ្វេភាគីផ្សេងៗ ចំនួន ២២ភាគរយ បំណុលធនាគារពិភព លោក ៩ភាគរយ, បំណុលមរកត ចំនួន៦ភាគរយ និង បំណុល ពហុភាគី ២ភាគរយ។
ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩៦០០លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូលឱ្យបាន ៧ ២០០ លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន ១៨០០លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០លានដុល្លារ៕
ដោយ៖វណ្ណ សុជាតា