ឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង ១០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ដែលពាក់ព័ន្ធបទល្មើសថ្នាំញៀនជាង១០០គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដេីម្បីចាត់ការតាមច្បាប់ ។
ក្នុងប្រតិបត្តិការ នេះ ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សា ទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូរ អរអេនអេហ្វ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញ្រៀង៤ នាក់ និងដកហូតសារធាតុជាង ១០០ គីឡូក្រាម ។
ជនសង្ស័យទាំង៤ នាក់នោះមាន
១.ឈ្មោះ ទាន់ ល់ន ភេទប្រុស
២.ឈ្មោះ ហាវ យីជុន ភេទប្រុស
៣.ឈ្មោះ ថាំ យីហាន់ ភេទស្រី (៣នាក់នេះជាជនជាតិចិន) និង៤.ឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ ។ កិច្ចសហការបង្ក្រាបនោះដែរសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀនសរុប ១៣.២០ គីឡូក្រាម ក្នុងនោះមាន :
.សារធាតុញៀនប្រភេទ មេតាំហ្វេតាមីន ១.៨ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ ខេតាមីន ១.៩ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ ខេតាមីនរាវ៥០ដប ទម្ងន់ ០.៥ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ MDMA ៦៩ កញ្ចប់ស្មើទម្ងន់ ៩ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ កាហ្វេអ៊ីន ទម្ងន់ ០.៩ គីឡូក្រាម ។
.កញ្ឆាស្ងួតទម្ងន់ ២ គីឡូក្រាម
.ម្សៅពណ៍ទឹកក្រូចសម្រាប់លាយកែច្នៃគ្រឿងញៀន ៨១ កញ្ចប់ ស្មើទម្ងន់ ៨១ គីឡូក្រាម ។
.រថយន្ត ២ គ្រឿង ។
សំណុំរឿងគ្រឿងញៀនជាង ១០០ គីឡូក្រាមខាងលើនេះ ស្ថិតនៅកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីបើកការស៊ើបសួរ និងមកដល់ពេលនេះតំណាងអយ្យការសាកសួរមិនទាន់ចប់នៅឡើយទេ ៕
ដោយ ៖ ប៊ុនធី និងភារ៉ា