អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនសរុប ២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖តាមរយៈការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣គិតមកត្រឹមថ្ងៃត្រង់ទី ២៦ ខែ មករា ឆ្នាំ ២០២៣មានមន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយ។
បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន២២២៧៤រូប ស្មើនឹង ៩៧.៤១ ភាគរយនៃចំនួនត្រូវប្រកាសសរុប២២៨៦៤រូប។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៦នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមកប្រកាសបញ្ចប់ ១០០ភាគរយ ផងដែរ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នៅសល់ ៥ ថ្ងៃទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវបានបញ្ចប់។

ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ៧ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ។
ជាមួយគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយបានក្រើនរំលឹកដល់មន្រ្តីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អញ្ជើញមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ និងបានទាន់ពេលវេលា៕

ដោយ៖ ម៉ាដេប៉ូ