កូរ៉េខាងជើងបិទខ្ទប់រដ្ឋធានីដោយសារជំងឺផ្លូវដង្ហើម

ព្យុងយ៉ាង៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របាយការណ៍ មួយ បាន ឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានដាក់ចេញនូវបទបញ្ជា ឱ្យ ធ្វើការបិទទីក្រុងរយៈពេលប្រាំថ្ងៃដោយសារតែជំងឺផ្លូវដង្ហើមកំពុងរីករាលដាល។ ការបិទខ្ទប់នេះគឺជាការរឹតបន្តឹងទីក្រុងទាំងមូល និងជាលើកដំបូងហើយចាប់តាំងពីប្រទេសនេះបានប្រកាសជ័យជម្នះរបស់ខ្លួនលើវិធានការទប់ស្កាត់កូវីដ១៩ កាលពីខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារឯកទេសប្រចាំទីក្រុងសេអ៊ូលរបស់សារព័ត៌មាន NK News បានរាយការណ៍ដោយដកស្រង់សេចក្តីជូនដំណឹងរបស់ រដ្ឋាភិបាលថា ប្រជាជនដែលកំពុងរស់នៅទីក្រុងព្យុងយ៉ាងត្រូវ ស្នាក់ នៅក្នុងគេហដ្ឋានរបស់ពួកគេ មិនត្រូវចេញក្រៅផ្ដេសផ្តាស ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យនោះឡើយ ហើយត្រូវត្រួតពិនិត្យ សីតុណ្ហភាពឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

សេចក្តីជូនដំណឹងនេះមិនបានលើកឡើងអំពីជំងឺកូវីដ១៩ នោះទេ ប៉ុន្តែបានលើកឡើងថា ជំងឺដែលកំពុងរីករាលដាលនៅក្នុងរដ្ឋធានី ទាំងអស់នោះ រួមមានដូចជា ជំងឺផ្លូវដង្ហើម និងជំងឺផ្តាសាយធម្មតា ជាដើម។
វិធានការរបស់រដ្ឋាភិបាលកូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងមួយ ថ្ងៃបន្ទាប់ពីសារព័ត៌មាន NK News បានរាយការណ៍ថា មនុស្ស នៅក្នុងទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងទិញទំនិញស្តុក ទុក សម្រាប់គ្រាអាសន្ន ពោលគឺពួកគេបានប្រមើលមើលឃើញថា នឹងមានការបិទខ្ទប់ទីក្រុងជាមុន។

គេនៅមិនទាន់ដឹងច្បាស់នោះទេថា តើតំបន់ផ្សេងៗទៀត ត្រូវ បានបិទខ្ទប់ដូចគ្នានេះឬក៏យ៉ាងណានោះទេ ហើយប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋក៏មិនបានប្រកាសពីវិធានការថ្មីណាមួយឡើយ។
ថ្មីៗនេះ អ្នកជំនាញបានធ្វើការណែនាំថា ទីក្រុងដ៏ធំបំផុតរបស់ កូរ៉េខាងជើង ទំនងជាកំពុងប្រឈមមុខដោះស្រាយ ជាមួយ ការផ្ទុះឡើងវិញសារជាថ្មីនៃជំងឺកូវីដ១៩។លោក Go Myong-hyun អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Asan សម្រាប់ការ សិក្សា គោលនយោបាយ បានលើកឡើងថា ៖ «ជំងឺកូវីដ១៩ កំពុង រលត់បាត់ខ្លួនទៅម្ដងហើយ ប៉ុន្តែបែរជា លេចឡើងមកវិញ ម្តងទៀត។ នេះគឺអាចអាស្រ័យទៅលើការប្រែប្រួលសីតុណ្ហភាព មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែគឺ នៅជុំវិញពិភពលោកតែម្ដង»។

គួរដឹងដែរថា អ្នកព្យាករណ៍អាកាសធាតុបានពណ៌នាថា តំបន់ ឧបទ្វីបកូរ៉េមួយនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងរយៈពេលនៃអាកាស ធាតុចុះត្រជាក់ស៊ីបេរី ដោយសីតុណ្ហភាពក្នុងទីក្រុងព្យុងយ៉ាង កំពុងធ្លាក់ចុះរហូតដល់ទៅ –២២ អង្សាសេឯណោះ។

អ្នកស្រាវជ្រាវរូបនេះបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា «វាជារឿងដែលមិនសមហេតុផលទាល់តែសោះ ក្នុងការដែល កូរ៉េខាងជើងអបអរជ័យជម្នះរបស់ខ្លួនជុំវិញការយកឈ្នះទៅលើជំងឺកូវីដ១៩ ព្រោះនៅពេលដែលមានការធ្លាក់ចុះនៃសីតុណ្ហភាព ជំងឺមួយនេះនឹងលេចចេញឡើង និងរាតត្បាតសារជាថ្មី»។
លោកបានបន្តថា ៖ «កូរ៉េខាងជើងត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ប៉ុន្តែវីរុសមួយនេះហាក់ដូចជាបានកើតឡើងវិញ លឿនជាងអ្វីដែល ពួកគេបានគិតទៅទៀត»។

ដោយឡែក បើយើងក្រឡេកទៅមើល ដៃគូពាណិជ្ជកម្មដ៏ សំខាន់ របស់កូរ៉េខាងជើង គឺប្រទេសចិនវិញ បានបោះបង់ ចោលនូវ គោលនយោបាយកូវីដសូន្យរបស់ខ្លួន ហើយបានប្រឈម ជាមួយការ ប្រយុទ្ធប្រឆាំងនឹងរលកនៃការឆ្លងថ្មី ដែលគ្របដណ្តប់ ទាំងស្រុង ពាសពេញមន្ទីរពេទ្យ និងកន្លែងបូជាសព។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានបិទច្រកព្រំដែនដើម្បីទប់ស្កាត់ការរាតត្បាតយ៉ាងតឹងរ៉ឹងបំផុតចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនៃជំងឺរាតត្បាតមួយនេះ ប៉ុន្តែក៏មានការអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មមួយ ចំនួនជាមួយ ប្រទេសចិនផងដែរ។

កាលពីខែឧសភា ឆ្នាំ២០២២ កូរ៉េខាងជើងបានប្រកាស ទទួល ស្គាល់ជាផ្លូវការថា ប្រទេសខ្លួនមានការផ្ទុះឡើងនូវមេរោគកូវីដ១៩ ជាលើកដំបូង ប៉ុន្តែបានប្រកាសជ័យជម្នះលើការអនុវត្តវិធានការ ទប់ស្កាត់វីរុសនេះត្រឹមតែបីខែក្រោយប៉ុណ្ណោះ ថែមទាំងបានហៅ ជ័យជម្នះនេះថាជាអព្ភូតហេតុដ៏កម្រកើតមាន។ ប៉ុន្តែ អ្នកជំនាញ ជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក តែងតែបានចោទ សួររកស្ថិតិអំពីករណីឆ្លងកូវីដ១៩ ទៅកាន់ទីក្រុងព្យុងយ៉ាង ដែល បានអះអាងថា ខ្លួនបានគ្រប់គ្រងការរីករាតត្បាត ជំងឺនេះ បានយ៉ាង ល្អ។

អ្នកជំនាញបាននិយាយថា ប្រទេសកូរ៉េខាងជើងមានប្រព័ន្ធថែ ទាំ សុខភាពដ៏អាក្រក់បំផុតនៅលើពិភពលោក ហើយមន្ទីរពេទ្យ បំពាក់ឧបករណ៍មិនល្អ រីឯបន្ទប់ថែទាំមានតិចតួចបំផុត ជាពិសេសមិនមានថ្នាំព្យាបាលកូវីដ១៩ នោះទេ។ បន្ថែមលើនេះ កូរ៉េខាងជើងត្រូវបានគេជឿថា មិនបានធ្វើការចាក់វ៉ាក់សាំង ឱ្យ ប្រជាពលរដ្ឋ ២៥ លាននាក់របស់ខ្លួននោះទេ បើទោះបីជា របាយការណ៍ បានបង្ហាញថា កូរ៉េខាងជើងបានទទួលថ្នាំវ៉ាក់សាំង មួយចំនួនពីប្រទេសចិនក៏ដោយ៕
ដោយ៖ធា សុណា
ប្រភព៖ North Korea locks down capital city over ‘respiratory illness’: Report

ads banner