កម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរកើនឡើង ចំនួន ៤,៦លាននាក់ ជាមួយនឹងការធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបី របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ទន្ទឹមជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើ សកលលោក នោះសម្រាប់កម្ពុជាត្រូវបានរំពឹងថានឹងមានចំនួនអ្នកទេសចរកើនឡើងក្នុងឆ្នាំ២០២៣នេះ ។

ការបង្ហាញពីកំណើនភ្ញៀវទេសចរនេះធ្វើឡើងតាមរយៈការព្យាករណ៍អ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

បើតាមប្រភពខាងលើនេះបានបញ្ជាក់ដែរថា សម្រាប់កំណើនភ្ញៀវទេសចរក្នុងឆ្នាំ២០២៣នេះស្ថិតនៅក្នុងចំនួនប្រមាណ ៤,៦លាននាក់ ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ ។
ជាមួយការព្យាករណ៍នេះដែរ គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយផាសុខភាពក្នុងការបម្រើដល់អ្នកទេសចរណ៍ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះផងដែរ ៕

ដោយ៖ ម៉ាដេប៉ូ