គណៈកម្មការជំនាញរបស់រដ្ឋសភានិងក្រសួងជំនាញរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ អ្នកជំនាញដែលមកពីគណៈកម្មការទី៥នៃរដ្ឋសភា តំណាង គណៈកម្មការពាក់ព័ន្ធ និងក្រសួងព័ត៌មាន បាននិងកំពុង រួមគ្នាជំរុញលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធ សារព័ត៌មាន នៅកម្ពុជា ខណៈស្ថាប័នទាំងនេះយល់ថា ព័ត៌មាន គឺមានសារសំខាន់បំផុត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសតវត្សថ្មីនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សារវាង គណៈកម្មការទី៥ ជាមួយនឹងក្រសួងព័ត៌មាន កាលថ្ងៃទី២៥ ខែមករាឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភាបានឱ្យដឹងថា កិច្ច ប្រជុំរវាង គណៈកម្មការជំនាញរដ្ឋសភា ជាមួយក្រសួងព័ត៌មាននេះ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា សំដៅលើកកម្ពស់សិទ្ធិ ទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមបានឱ្យដឹងបន្តថា ៖ «កិច្ចពិភាក្សាគ្នាក៏បានផ្តោតសំខាន់ លើការពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និង មធ្យោបាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានឱ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋគ្រប់ រូបមានសិទ្ធិទទួលយកព័ត៌មានការទទួលខុសត្រូវក្នុងការទទួលព័ត៌មានស្របតាមច្បាប់របស់ប្រទេសកម្ពុជា»។
ជាងនេះទៀត ប្រធានគណៈកម្មការទី៥រូបនេះ បានបញ្ជាក់ បន្ថែមថា ព័ត៌មានមានសារសំខាន់បំផុត សម្រាប់ការដឹកនាំ នៅក្នុងសតវត្សថ្មី ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានល្អគឺជួយសង្គម ការផ្សព្វផ្សាយព័ត៌មានមិនល្អគឺជាការ ជាន់ពន្លិចសង្គម ហេតុ នេះតម្លៃនៃអ្នកសារព័ត៌មាន គឺចាំបាច់ត្រូវការសិក្សានិងមាន វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីរាយការព័ត៌មានពិត ត្រឹមត្រូវ មិន កុហកសង្គម។
ថ្លែងក្នុងសន្និសីទនោះដែរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានលើកឡើងដែរថា វិជ្ជាជីវៈសារព័ត៌មាន គឺជា វិជ្ជាជីវៈសេរី ហើយការធ្វើព័ត៌មានគឺជាសិទ្ធិមួយដែលធានា ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ដូច្នេះបុគ្គល ណាក៏អាចធ្វើព័ត៌មានបានដែរ។ ដោយឡែក ចំពោះកំហុសការ ផ្សាយព័ត៌មានកំហុសវិជ្ជាជីវៈ និងកំហុសសិលធម៌ គឺក្រសួងមាន តែវិធានអប់រំ និងណែនាំជាធំ ខណៈការអប់រំនេះ គឺទាមទារពេល វេលា ផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា ៖ «សព្វថ្ងៃនេះ យើងមាន សមាគមអ្នកកាសែតរហូត៥៣ ។ក្រសួងតែងអំពាវឱ្យសមាគម ទាំងនោះជួយពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រសួងធ្វើបែបនេះ ដើម្បីផ្តល់សិទ្ធិដល់សមាគម និងចង់ឱ្យសមាគមចេះដោះស្រាយ បញ្ហាដោយខ្លួនឯង ប៉ុន្តែករណីមានអ្នកសារព័ត៌មានណាម្នាក់ សរសេរខុស ក្រសួងតែងសម្រួលឱ្យមានការកែតម្រូវ និងដក អត្ថបទ នោះចេញ ហើយក្នុងករណីមានអ្នកណាយល់ឃើញ ថា ការសរសេរព័ត៌មានប៉ះពាល់ គឺអ្នកនោះមានសិទ្ធិប្តឹង ទៅតុលាការ បាន»។
ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្រ្តីអះអាងថា សម្រាប់ថ្ងៃអនាគត ក្រសួងនឹងរៀបចំធ្វើវិសោធនកម្មលើច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឱ្យសមស្របទៅនឹងបរិបទជាក់ស្តែងនៃសង្គមជាតិផងដែរ។
សូមបញ្ជាក់ដែរថា ការរីកចម្រើនរបស់វិស័យព័ត៌មានក្នុងបរិបទ នៃសម័យបច្ចេកវិទ្យាទំនើប បានធ្វើឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មាន ទាំងសាធារណៈ និងឯកជននៅកម្ពុជា មានការកើនឡើង ច្រើន ទាំងកាសែត វិទ្យុ ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយ អនឡាញ ជាដើម។
ទន្ទឹមគ្នានេះ គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងព័ត៌មាន ក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងការងារគ្រប់គ្រងព័ត៌មានមិនពិត និងបានចូលរួម ផ្សព្វផ្សាយព័ត៌មានច្បាស់លាស់អំពីបញ្ហាជំងឺកូវីដ១៩ ដោយបាន ធ្វើ ឱ្យប្រជាពលរដ្ឋមានការយល់ដឹង។
ស្ថាប័នទាំងពីរ ក៏បានលើកឡើងអំពីសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលច្បាប់នេះគឺជាច្បាប់ដ៏សំខាន់ មានភាពស្មុគស្មាញ និងមានការពាក់ព័ន្ធក្រសួងស្ថាប័ន ជាច្រើន ដែលត្រូវធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ស្ថិតនៅក្រសួងយុត្តិធម៌ កំពុងពិនិត្យមើល លើជំពូកស្ដីពីទោសប្បញ្ញត្តិ និងមានគម្រោងសម្រេចចេញឱ្យ បាន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះផងដែរ៕
ដោយ៖សែម ពិសី