អាមេរិក អាល្លឺម៉ង់ យល់ព្រមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ី
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធទី ២៥ ខែ មករា ថា ក្រុងវ៉ាស៊ីនតោននឹងបញ្ជូនរថក្រោះប្រយុទ្ធទំនើប បំផុត ចំនួន៣១ គ្រឿងទៅអ៊ុយក្រែន ក្រោយអាល្លឺម៉ង់បាន ប្រកាស ពីជំហានដូចគ្នា ដោយទទួលបានការសាទរពីក្រុងកៀវ ថា ជាចំណុចរបត់ដ៏មានសក្តានុពលមួយសម្រាប់សមរភូមិប្រយុទ្ធទប់ទល់នឹងកងទ័ពឈ្លានពានរុស្ស៊ី។
គេមើលឃើញថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការ ប្រគល់ រថក្រោះធុន M1 Abrams ទៅអ៊ុយក្រែននេះ គឺជា ជំហានដ៏សំខាន់មួយដែលជំរុញអាល្លឺម៉ង់ឱ្យធ្វើដូចគ្នា ក្រោយ ក្រុងបែរឡាំងបានរុញរា ហើយរងការរិះគន់ធ្ងន់ៗពីសម្ព័ន្ធមិត្ត។
ប៉ុន្តែការសម្រេចចិត្តអាល្លឺម៉ង់ផ្ដល់រថក្រោះរបស់ខ្លួនធុន Leopard 2 បានរងការថ្កោលទោសពីរុស្ស៊ីថាជាការបង្កឱ្យមានគ្រោះ ថ្នាក់ ធំ។
មុននេះ អាមេរិកបានប្រកែកមិនផ្ដល់រថក្រោះរបស់ខ្លួនឱ្យ អ៊ុយក្រែន នោះទេ ដោយលើកឡើងពីការពិបាកនៃការថែទាំ និងការហ្វឹកហាត់ ប៉ុន្តែបានផ្លាស់ប្ដូរជំហរនេះដើម្បីបញ្ចុះបញ្ចូល អាល្លឺម៉ង់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសការ សម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅឯសេតវិមាន ដោយនិយាយ ថា រថក្រោះចាំបាច់ដើម្បីជួយប្រជាជនអ៊ុយក្រែនពង្រឹង សមត្ថភាព ប្រយុទ្ធរបស់គេ។
លោកបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ សម្រាប់ការ ផ្លាស់ប្តូរជំហររបស់ខ្លួន ហើយបានរាយបញ្ជីបរិក្ខារយោធា សំខាន់ៗ បន្ថែមទៀតដែលសម្ព័ន្ធមិត្តណាតូ និងបណ្តាប្រទេសអឺរ៉ុបផ្សេង ទៀតនឹងផ្គត់ផ្គង់អ៊ុយក្រែន។
លោក បៃដិន បានថ្លែងបន្តអំពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ថា៖ «យើងនឹងបំបែកការរំពឹងទុករបស់រុស្ស៊ី»។
គួរបញ្ជាក់ថា អ៊ុយក្រែនបានទទូចសុំរថក្រោះទំនើបៗរបស់លោក ខាងលិចជាយូរមកហើយដើម្បីទប់ទល់នឹងរុស្ស៊ី ហើយដណ្ដើម ទឹកដីដែលរុស្ស៊ីវាយយកនៅភាគខាងត្បូង និងខាងកើតមកវិញ។ មន្ត្រីរដ្ឋបាលបៃដិនជាន់ខ្ពស់ បាននិយាយថា វានឹងចំណាយពេល ប៉ុន្មានខែដើម្បីបញ្ជូនរថក្រោះ Abrams ទៅឱ្យអ៊ុយក្រែន ប៉ុន្តែវា នឹង ជួយអ៊ុយក្រែនក្នុងរយៈពេលវែង។
លោក បៃដិន ថ្លែងថា ការបញ្ជូនរថក្រោះនេះមិនបង្កការគំរាម កំហែងដល់ប្រទេសរុស្ស៊ីនោះទេ។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើង ខណៈក្រុងមូស្គូ ដែលចាត់ទុកការផ្គត់ផ្គង់អាវុធទៅអ៊ុយក្រែន ថាជាការប្រឈមមុខគ្នារវាងរុស្ស៊ី និងណាតូ បានថ្កោលទោស ធ្ងន់ៗទាំងលើការសម្រេចចិត្តរបស់អាមេរិក និងអាល្លឺម៉ង់ ថាជាការបង្កហេតុ។
សម្រាប់អាល្លឺម៉ង់ រុស្ស៊ីបានប្រតិកម្មដោយកំហឹងនៅថ្ងៃពុធថា ទីក្រុងប៊ែរឡាំងបានបោះបង់ចោលទំនួលខុសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងក្នុងប្រព័ន្ធតេឡេក្រាមថា ជំហាន របស់ ក្រុងបែរឡាំង បញ្ជាក់ពីការចូលរួមរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុង «សង្រ្គាមដែលបានគ្រោងទុកជាមុន» ប្រឆាំងនឹងរុស្ស៊ី។
ចំណែកស្ថានទូតរុស្ស៊ីនៅទីក្រុងបែរឡាំងលោកឯកអគ្គរដ្ឋទូត Sergei Nechayev វិញ បានថ្លែងថា ការសម្រេចចិត្តរបស់ អាល្លឺម៉ង់ នឹងធ្វើឱ្យភាពតានតឹងនៃជម្លោះរយៈពេល ១១ ខែនៅ អ៊ុយក្រែន កាន់តែកើនឡើង ជាពិសេសការប្រឈមមុខ ដាក់គ្នា រវាងណាតូ និងរុស្ស៊ី។ លោកបន្ថែមថា វានឹងបង្កឱ្យមាន «ការខូច ខាត ដែលមិនអាចជួសជុល បានចំពោះស្ថានភាពដ៏គួរឱ្យស្អប់ខ្ពើម នៃទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់»។
ទោះបីជាបែបនេះក្ដី អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សុលហ្ស៍ បានថ្លែងប្រាប់សភានៅថ្ងៃពុធថា៖ « អាល្លឺម៉ង់នឹងតែងតែ នាំមុខគេ នៅពេលនិយាយដល់ការជួយអ៊ុយក្រែន»។
លោកបានឱ្យដឹងក្រោយមកទៀតថា អាល្លឺម៉ង់នឹងបញ្ជូនជំនួយ យោធាបន្ថែមទៀតទៅកាន់ទីក្រុងកៀវ លើសពីការផ្តល់រថក្រោះ Leopards រួមទាំងប្រព័ន្ធការពារអាកាស កាំភ្លើងធំធុនធ្ងន់ និងគ្រាប់រ៉ុក្កែតជាច្រើនទៀត។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ដូចនឹងមន្រ្តីអ៊ុយក្រែនផ្សេងទៀតដែរ បានសាទរចំពោះការ សម្រេច ចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើការផ្ដល់រថក្រោះ Abrams និង ថ្លែងអំណរគុណដល់អាល្លឺម៉ង់ដូចគ្នា។
លោកសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រថា «សព្វថ្ងៃនេះពិភព លោកសេរីបានរួបរួមគ្នា ដែលមិនធ្លាប់មានពីមុនមកសម្រាប់ គោល ដៅរួម» គឺការរំដោះអ៊ុយក្រែន៕
ដោយ៖ហួន ឌីណា
ប្រភព៖ US, Germany to send scores of tanks to help Ukraine fight Russian invasion