កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ បញ្ជៀបផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោកអោយកាន់តែផុសផុលបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានប្តេជ្ញាចិត្តខ្ពស់បញ្ជៀបផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោកអោយកាន់តែផុសផុលបន្ថែមទៀត ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីដាក់កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយកិច្ចប្រជុំសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌេន ស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា កម្ពុជាត្រូវរៀបចំធម្មនុញ ច្បាប់ និងបទបញ្ញាតិរបស់កីឡាជាពិសេសគឺស្របទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ កិច្ចប្រជុំខាងលើ មានការគាំទ្រចូលរួមពីសមាជិកក្នុងតំបន់ចំនួន៨ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក្នុងចំណោម១១ប្រទេស នៃការរៀបចំកីឡាគុនខ្មែរ នៅក្នុងស៊ីហ្គេម។ ជាមួយគ្នានេះ សមាជិកាទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ នៅស៊ីហ្គេម ដើម្បីយកទៅប្រើប្រាស់ដល់គ្រប់ប្រទេសផ្សេងទៀត ក្នុងការប្រកួតក្រោយទៀត។ ក្នុងនោះដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរយើង និងជាវប្បធម៌ អរិយធម៌គុនខ្មែររបស់យើងដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា « គុនគ្រូ » ។
គុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀងទំនាប់ និងថែរក្សានូវអត្តសញ្ញាណយើង ដោយក្បាច់គុនយើងមានទាំងសិល្បៈ មានទាំងយុទ្ធគុន មានទាំងយុទ្ធសាស្រ្ត និងយុទ្ធវិធី ទាំងនេះគឺជាសិល្បៈកីឡាមួយ ហើយការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេសទាំងអស់បានឯកភាពគ្នា គាំទ្រ យកទៅហ្វឹកហាត់តាមការនែនាំរបស់យើង ដើម្បីមកប្រកួតជាមួយយើងនៅស៊ីហ្គេម។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។ ឯកឧត្តម បន្តថា ចំនុចមួយទៀតកម្ពុជាបានកំណត់របៀបតុបតែងខ្លួនកីឡាប្រដាល់គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណយើង គឺប្រើក្រមា និងទង់ជាតិជូតក្បាលនៅខាងមុខ។ រីឯប្រទេសផ្សេងគឺអាចប្រើក្រមាដូចគ្នា គ្រាន់តែដាក់ទង់ជាតិរបស់ប្រទេសរៀងៗខ្លួន។
ឯកឧត្តម បន្ថែមថា គ្រប់តាមស្ថានីយ៍ទូរទស្សន៍ គ្រប់ការប្រកួតគុនខ្មែរទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួនរបស់កីឡាករអោយដូចៗគ្នា អនុវត្តអោយបានដូចៗគ្នា គឺគំរូពុម្ពតែមួយ ស្លៀកតែមួយ ការតុបតែងតែមួយ អោយមានឯកភាពជាតិតែមួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍មួយឆ្ពោះទៅរកចេរភាពនេះជាចំនុចទី១, ទី២ កងដៃ គឺប្រើអំបោះសដាក់ជាគំរូ។ ប៉ុន្តែបើប្រទេសផ្សេងៗមានលក្ខណពិសេសរបស់គេ គឺអាចប្រើបានដោយអាស្រ័យលើជំនឿ គ្រូ និងអាគម្តអោមអាមតាមប្រទេសនីមួយៗ តែត្រូវប្រើកង២ ចងសងខាងដូចគ្នា ក្រៅពីនោះក៏មានប្រដាប់ការពារផ្សេងទៀត ដូចជា មួក អាវ ជាដើម។ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបូរាណខ្មែរយើងផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្ត នឹងផ្សព្វផ្សាយស្វែងរកសមាជិកភាពអោយបានច្រើនបន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស សញ្ញាណវិជ្ជមាននេះ គឺជាឪកាសមាស ឪកាសប្រាក់ និងជាឪកាសជាពិសេសមួយសម្រាប់កម្ពុជាដាក់គុនខ្មែរចូលក្នុងស៊ីហ្គេមហើយ យើងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិយើងទៅគ្រប់ប្រទេសទាំងអស់ ដោយក្បាច់គុនបុរាណខ្មែរនេះ មានមូលដ្ឋានគ្រឹះក្នុងការរៀបចំអោយបានត្រឹមត្រូវក្បួនខ្នាតទ្រឹស្តីកីឡា និងច្បាប់ទំលាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាមរយៈការគាំទ្រពីមជ្ឈដ្ឋាអន្តរជាតិ ក្នុងកិច្ចប្រជុំនាយកបេសកម្មអូឡាពិកប្រទេសនីមួយៗ មិនមានលើកមកនិយាយពីគុនខ្មែរ ដូច្នេះមានន័យថា គាំទ្រ។ អោយកម្ពុជា ដាក់គុនខ្មែរអោយប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ អញ្ចឹងមិនមានការឌឺដងដាក់គ្នា ឬមតិផ្ទុយគ្នានោះទេ គឺគិតតែធ្វើម៉េចអោយគុនខ្មែររបស់យើងក្លាយជាប្រភេទកីឡាមួយអាចប្រកួតនៅស៊ីហ្គេម អោយទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ៕
ចាន់ វិចិត្រ