ក្រុមហ៊ុនមេតានឹងបើកគណនី ហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់លោក ត្រាំ ឡើងវិញ
អាមេរិក៖ ជាងពីរឆ្នាំក្រោយបិទគណនីហ្វ៊េសប៊ុក (Facebook) និង អ៊ីនស្ដាក្រាម (Instagram) របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រុមហ៊ុនមេតាដែលជាក្រុមហ៊ុនមេ បាន ប្រកាស កាលពីថ្ងៃពុធថា ខ្លួននឹងបើកគណនីរបស់អតីតប្រធានា ធិបតី អាមេរិករូបនេះឡើងវិញ។
ក្រុមហ៊ុនមេតានិយាយថា លោកត្រាំនឹងអាចចូលប្រើគណនី បណ្ដាញ សង្គមទាំងពីររបស់លោកឡើងវិញ នៅប៉ុន្មានសប្ដាហ៍ ខាងមុខ។
គួររំឭកថា ក្រុមហ៊ុនមេតាបានបិទគណនីរបស់លោក ត្រាំ ពីវេទិកា របស់ខ្លួននៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ពោលគឺមួយ ថ្ងៃបន្ទាប់ ពីអ្នកគាំទ្ររបស់លោករាប់រយនាក់បានសម្រុកចូលវិមានកាពីតូល ដោយលើកឡើងពីការបង្ហោះសារញុះញង់បង្កឱ្យមានអំពើហិង្សា។គណនីរបស់អតីតប្រធានាធិបតីរូបនេះ ក៏ត្រូវបានបិទនៅលើ បណ្ដាញ សង្គមសំខាន់ៗផ្សេងទៀត ដូចជាយូធូប និងធ្វីតធ័រជា ដើម នៅក្នុងសប្ដាហ៍ជាមួយគ្នានោះ។
ការសម្រេចរបស់ក្រុមហ៊ុនមេតានៅពេលនេះ ធ្វើឡើងបន្ទាប់ពី គណនីធ្វីតធ័រររបស់លោក ត្រាំ ត្រូវបានបើកឡើងវិញ កាលពី ខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីបិទតាំងពីខែមករាឆ្នាំ ២០២១។
ក្រុមហ៊ុនមេតាដែលរងការរិះគន់ពីការចាប់ពិរុទ្ធលោក ត្រាំ និង សំឡេងអភិរក្សនិយមផ្សេងទៀត បានលើកឡើងថា ការសម្រេច ចិត្ត បើកគណនីលោកត្រាំឡើងវិញ ព្រោះខ្លួនបានកំណត់ថា ហានិភ័យចំពោះសុវត្ថិភាពសាធារណៈ បានថយចុះគ្រប់គ្រាន់ ចាប់តាំងពីខែមករា ឆ្នាំ ២០២១ មក។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួននឹងបន្ថែមការឃ្លាំមើលដើម្បី«ទប់ស្កាត់បទល្មើសដដែលៗ»នៅពេលអនាគត។
ប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន មេតា លោក Nick Clegg បាននិយាយថា៖ « សាធារណជនគួរតែអាចស្តាប់នូវអ្វីដែលអ្នក នយោបាយរបស់ពួកគេនិយាយមិនថាល្អ ឬអាក្រក់។ ដូច្នេះ ពួកគេអាចធ្វើការសម្រេចចិត្តនៅពេលបោះឆ្នោត។ ប៉ុន្តែនោះមិនមានន័យថា មិនមានដែនកំណត់ចំពោះអ្វីដែល មនុស្ស អាចនិយាយនៅលើវេទិការបស់យើងនោះទេ»។
គួររំឭកថា មេតាក្លាយជាប្រធានបទស្នូលនៃការជជែកដេញ ដោលជុំវិញការបញ្ចេញមតិដោយសេរីលើអ៊ីនធឺណិត ហើយ អ្នកណាគួរមានអំណាចក្នុងការសម្រេចចិត្តថាអ្វីដែលអាចបង្ហោះបាន និងអ្វីដែលត្រូវលុបចោល។ ការបិទគណនីនានារបស់លោក ត្រាំ គឺជាការបង្ហាញពីភាពខ្លាំងនៃបណ្ដាញសង្គម និងថាតើពួកគេ មាន ការគ្រប់គ្រង និងឥទ្ធិពលច្រើនពេកលើការនិយាយជា សាធារណៈ តាមអ៊ីនធឺណិតដែរឬទេ?។
ការបើកគណនីហ្វ៊េសបុក និងអ៊ីនស្តាក្រាមរបស់លោកត្រាំ ឡើង វិញ រងការរិះគន់ភ្លាមៗពីសមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកព័ត៌មានមិនពិតដែលបានលើកឡើងថាការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីផ្សព្វផ្សាយការបង្ហោះសារបំបាក់បំបែកគ្នា។ ប៉ុន្តែក៏មានការយល់ស្របដែលថា លោក ត្រាំ គឺជាបុគ្គលនយោបាយល្បីរបស់សាធារណៈ ដូច្នេះអ្វីដែល លោក និយាយ គួរត្រូវបានឮ។
ទោះបីជាយ៉ាងនេះក៏ដោយ លោក ត្រាំ ធ្លាប់បាននិយាយថា លោក មិនត្រឡប់មកប្រើបណ្ដាញសង្គមដែលបិទគណនីរបស់លោកវិញទេ ដោយនឹងប្រើគណនីបណ្ដាញសង្គម Truth Social ជាវេទិកា ដែលលោកបង្កើតឡើងដោយខ្លួនឯង។
គួរកត់សម្គាល់ថា រាប់តាំងពីគណនីធ្វីតធ័ររបស់លោកបើកវិញមក លោកមិនដែល សរសេរបង្ហោះអ្វីនោះឡើយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Meta to Reinstate Trump’s Facebook and Instagram Accounts