ប្រមុខរាជរដ្ឋាភិបាល ណែនាំរដ្ឋមន្រ្តីក្រសួងព័ត៌មានឱ្យ ហៅអ្នក សារព័ត៌មាន អនឡាញមកអប់រំក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅ កាន់រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ឱ្យកោះ ហៅអ្នកសារព័ត៌អនឡាញមួយចំនួនមកធ្វើការអប់រំក្រមសីលធម៌វិជ្ជាជីវៈ និងស្នើឱ្យបញ្ចប់ជម្លោះរវាងអ្នកសារព័ត៌មាន និងអ្នកជួយ លើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។
ការណែនាំនេះបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីពេលថ្មីៗនេះនៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពេលនោះមានអ្នកសារព័ត៌មានកំពុងធ្វើការផ្សាយផ្ទាល់ បានប្រើពាក្យសម្តីមិនសមរម្យទៅលើបុរសម្នាក់ដែលមកជួយលើកម៉ូតូ ខណៈសមត្ថកិច្ចកំពុងដោះស្រាយនិងវាស់វែងលើករណីនេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនកាលពីព្រឹកនៅថ្ងៃទី២៦ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានថ្លែងថា សម្តីដែលអ្នកសារព័ត៌មាន រូប នោះ ប្រើមកលើបុរសដែលខិតខំជួយលើកម៉ូតូនោះមិនសម ហេតុផលនោះឡើយ។សម្ដេចតេជោបន្តថា៖« រឿងហ្នឹងវាអត់ អីត្រូវទាល់តែសោះ។ ដំបូងបំផុតចាំបាច់ត្រូវជួយគ្នាសិន។ រឿងយ៉ាងណាក៏ដោយ ប៉ុន្តែអត់សមហេតុសមផលទេ នូវការ ប្រើ ពាក្យសម្តីបែបនេះ បើខ្លួន(អ្នកសារព័ត៌មាន)ជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែខ្លួនត្រឹមមានទូរស័ព្ទផ្សាយផ្ទាល់(live)ហើយបើសម្តីវិញ…..»។ ប៉ុន្តែអ្នកខ្លះក៏មានមតិជ្រុលហួសថាគួរតែលុបចោលអាជ្ញាបណ្ណ, អ្នកខ្លះថាសុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់។ អត់ត្រូវទេ បញ្ចប់ត្រឹមនេះទៅ ហើយដកពិសោធន៍វាទៅ»។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យឯកឧត្តម ខៀវ កាញារីទ្ធ កោះហៅអ្នកសារព័ត៌មានអនឡាញមកធ្វើការ អប់រំក្រមសីលធម៌វិជ្ជាជីវៈ។ សម្ដេចតេជោបន្តថា ល្មមហៅ អ្នកសារព័ត៌មានអនឡាញទាំងប៉ុន្មានទៅអប់រំ ឱ្យទៅទទួល បទពិសោធន៍ទាំងអស់គ្នា ។គួរឱ្យហៅមកប្រជុំដើម្បីពង្រឹង ថាអ្នកណាធ្វើសកម្មភាពបែបនេះ កុំបណ្តោយពេក កន្លង ទៅយើងបណ្តោយជ្រុល ។យើងមិនមែនបិទសិទ្ធិទេ ប៉ុន្តែ ត្រូវគោរពសិទ្ធិគេអ្នកដទៃផងបានទេ។ បន្ថែមពីនេះសម្ដេចតេជោ បានលើកទឹកចិត្តដល់បុរសជាអ្នកជួយលើកម៉ូតូនោះថា គឺជា កាយវិការដ៏ល្អក្នុងការជួយសង្គ្រោះមនុស្ស និងបញ្ចៀសការកក ស្ទះចរាចរណ៍ផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងថា ក្រសួងព័ត៌មាននឹងអនុវត្តទៅតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ដោយនឹងកំណត់នូវយន្តការ និងការរៀបចំ ជាវគ្គបណ្តុះបណ្តាល,វគ្គអប់រំខ្លីៗដល់អ្នកសារព័ត៌មាន។ ជា ពិសេសអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ ដើម្បី ធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមានសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀត ពាក់ព័ន្ធផ្លូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យគាត់ស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមមានប្រសាសន៍ថា៖«ពាក់ព័ន្ធបងប្អូនអ្នកសារព័ត៌មានដែលបានប្រព្រឹត្តខុសឆ្គងទៅលើក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ផ្សេងៗ គឺក្រសួងព័ត៌មានបានដាក់ចេញនូវិធានការមួយចំនួន គឺការអប់រំ ណែនាំតម្រង់ទិសដែលគាត់បានប្រព្រឹត្តខុសឱ្យគាត់បានយល់ និងកែប្រែកំហុសរបស់គាត់តាមរយៈកិច្ចសន្យា បន្ថែមពីនេះយើង ក៏មានការអនុវត្តនូវវិធានការរដ្ឋបាល ក៏ដូចជាវិធានការទៅ តាម នីតិវិធីច្បាប់មួយចំនួនផងដែរ»។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា លោក ណុប វី យល់ឃើញថា ទាក់ទងនឹងការផ្តល់ ការអប់រំបណ្តុះបណ្តាលថែមទៀតអំពីការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ និងឥរិយាបថរបស់អ្នកសារព័ត៌មាន គឺជាអ្វីដែលយើងគួរ គប្បីធ្វើបន្ថែមទៀត។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ លើកឡើងថា ក្រមសីលធម៌អ្នកសារព័ត៌មាន គឺជាអាវក្រោះ ដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន ហើយបើកាលណា ក្រមសីល ធម៌ សារព័ត៌មានមិនល្អ គឺប៉ះពាល់ដល់អ្នកអនុវត្តនោះ។
លោកបន្តថា បញ្ហាសព្វថ្ងៃនេះគឺឋិតនៅលើបញ្ហាសារព័ត៌មានអន ឡាញ ដែលមិនទាន់គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់គុណតម្លៃសារព័ត៌មាន។ លោកថា៖« អ្នក សារព័ត៌មាន គឺថាទៅយកព័ត៌មាន ឃើញហេតុការណ៍យ៉ាងម៉េច សាក្សី អ្នកជិតខាងនិយាយប្រាប់ថាម៉េច ទិដ្ឋភាពនៅកន្លែង កើត ហេតុ មានរូបភាពបែបណា នេះហើយជាអ្វីដែលអ្នកសារព័ត៌មាន ទៅយកដំណឹងបង្ហាញទៅអ្នកមើល អាក្បបកិរិយាលើសពី នេះមិនមែនជាតួនាទីទេ ខុសឬត្រូវទុកឱ្យសមត្ថកិច្ចអ្នកវិនិច្ឆ័យ»។
លោកមើលឃើញថា បច្ចុប្បន្ននេះ ក្រមសីលធម៌អ្នកសារព័ត៌មាន មួយជ្រុងតូចណាមួយ ហាក់បីដូចជាមានការឆ្គាំឆ្គង ហើយការ ឆ្គាំឆ្គង នៃជ្រុងតូចនេះវាបានជះឥទ្ធិពលទៅដល់ជំនឿ គុណតម្លៃ នៅក្នុងវិស័យសារព័ត៌មាន ដែលករណីនេះទាមទារនូវការកែលម្អ ភ្ញាក់រលឹកចាប់ពីខ្លួនឯង។
លោកថា៖« រឿងនេះពិបាក បើសិនជាអង្គភាពសារព័ត៌មាន មានការចាត់តាំងរឹងមាំជានិពន្ធនាយក ចាងហ្វាងការផ្សាយ គឺមានការណែនាំល្អហើយ។ ប៉ុន្តែនៅក្នុងរបបនៃសារព័ត៌មាន អនឡាញជាបុគ្គលម្នាក់ ពីរនាក់ គឺថាទប់អត់ជាប់ ហើយធ្វើ ឱ្យមានការប៉ះពាល់ ដែលនេះជាការព្រួយបារម្ភ»៕
ដោយ៖ឡាយ សាមាន