រដ្ឋមន្ត្រីមហាផ្ទៃព្រមានចាត់វិធានការច្បាប់ចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាមិនផ្តល់នូវរបាយការណ៍មុនដំណាច់ខែកុម្ភៈ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមមិនផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់នោះទេ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ស្តីពីករណីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើបាតុកម្មខុសច្បាប់ដោយធ្វើការដើរហែរក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញ យ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
នៅក្នុងលិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនលោកស្រី អ៊ុក ឆាយ៉ាវី ថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
ដូច្នេះ ក្រសួងមហាផ្ទៃ សូមធ្វើការរំលឹកដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានផងដែរ។ ទន្ទឹមនេះដែរ សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូក សរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន។
ជាការឆ្លើយតបលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែមករានេះថា “សមាគមបានត្រៀមធ្វើរបាយការណ៍ដាក់ទៅក្រសួងមហាផ្ទៃរួចរាល់ហើយ។ ពីព្រោះជាធម្មតានៅខែធ្នូ ឆ្នាំ២០២២ ត្រូវយើងធ្វើសមាជម្តងទៀត ប៉ុន្តែដោយសារយើងអត់មានលុយកាក់ អត់មានធនធាន ហើយយើងក៏លើកពេល។ យើងក៏ត្រៀមធ្វើរបាយការណ៍ទៅក្រសួងមហាផ្ទៃដែរ ក៏ប៉ុន្តែដោយសារយើងអត់ទាន់មានពេលវេលា ហើយគ្រាន់តែវ៉ៃឯកសារ ដោយសារតែពួកយើងអត់មានហិរញ្ញវត្ថុ អត់មានអីពិបាកទេ សរសេរពីរបីបន្ទាត់ទៅៗ វាជារឿងចប់បាត់ហើយ”។
សូមរម្លឹកថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំធ្វើបាតុកម្មខុសច្បាប់ដោយធ្វើការដើរហែរក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញ យ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហើយរដ្ឋបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការតាមច្បាប់ បើសិនជាមិនបញ្ឈប់សកម្មភាពនៅរាល់សកម្មភាពប្រមូលផ្តុំជួបជុំសម្តែងមតិមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានធ្វើលិខិតព្រមានជាលាយលក្ខអក្សរដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជម្រាបទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្ដុំសម្តែងមតិ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សាអំពីសំណើ ខាងលើ ហើយបានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតលេខ ០០៤ សគកឯ ខាងលើ ឱ្យស្របតាម លក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងដែលត្រូវបាន ធ្វើវិសោធនកម្មនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៥ សគកឯ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រីមកប្រជុំ កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យឃើញថា កម្មវត្ថុនៃការសម្តែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និងលោកស្រី ក៏បានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំឱ្យស្របតាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោងខាងលើ។ ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យបានធ្វើការបាតុកម្មលើ ទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ទង្វើខាងលើនេះ ជាសកម្មភាពមិនស្របច្បាប់ ដូចខាងក្រោម៖
១៖ មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកស្រីមិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។
២៖ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានជាលាយលក្ខណ៍អក្សរចំពោះលោកស្រី អ៊ុក ឆាយ៉ាវី និងលោក ឡុង រឹម ហើយស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រមូលផ្ដុំជួបជុំសម្តែងមតិ ដែលមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រីនៅតែបន្តសកម្មភាពបែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ