កម្ពុជារំពឹងចេញផុតពីបញ្ជីរប្រផេះនៃការលាងលុយកខ្វក់របស់អង្គការ FATF នៅខែមីនា ឬមិថុនាឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញក្តីរំពឹងថា កម្ពុជានឹងមានលទ្ធភាពអាចរំដោះខ្លួនចេញ ផុត ពីបញ្ជីប្រផេះរបស់អង្គការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។

ក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្តីសង្ឃឹមថាប្រទេសកម្ពុជាអាចចាក ចេញពីបញ្ជីប្រផេះរបស់អង្គការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នៅខែមីនា ឬមិថុនា ឆ្នាំ២០២៣ នេះ។

គួរបញ្ជាក់ថា អង្គការក្រុមការងារហិរញ្ញវត្ថុដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីស ប្រទេសបារាំងបានចាត់ថ្នាក់កម្ពុជាទៅក្នុង បញ្ជី ប្រផេះរបស់ខ្លួន ជាប្រទេសមានហានិភ័យខ្ពស់ខាងលាងលុយ កខ្វក់ ឬការសម្អាតប្រាក់ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាង ខ្លាំងលើកិច្ចការប្រឆាំងការលាងលុយ ឬសម្អាតប្រាក់នេះ ដើម្បី អាចរំដោះខ្លួនចេញពីក្រុមប្រទេសក្នុងបញ្ជីប្រផេះរបស់អង្គការ FATF នេះបាន ដើម្បីមកស្ថិតក្នុងបញ្ជីស ជាប្រយោជន៍អាច ដោះ នូវរបាំងផ្នែកហិរញ្ញវត្ថុ ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម ពីបរទេសមកកម្ពុជាបន្ថែម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា កម្ពុជា បានបំពេញភារកិច្ចខ្លួនរូចរាល់ហើយ ដោយប្រតិភូក្រុមការងារ ហិរញ្ញវត្ថុ FATF បានចុះមកធ្វើអធិការកិច្ចនៅកម្ពុជារួចរាល់ហើយ ដែលកម្ពុជានៅរង់ចាំតែការសម្រេចរបស់គណៈកម្មការនៃក្រុមការងារហិរញ្ញវត្ថុ FATF នេះប៉ុណ្ណោះ ដែលអាចនឹងធ្វើឡើងនៅខែមីនា ឬខែមិថុនាខាងមុខ។

ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ៖ «ខ្ញុំអាចនិយាយបានថា ស៊ីសង លើការប្រជុំគណៈកម្មការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) នៅខែមីនា ឆ្នាំ២០២៣ ថាគេសម្រេចយ៉ាងម៉េច? ប៉ុន្តែជា កម្រិតនយោបាយ ជាការអនុវត្តដើម្បីបំពេញកាតព្វកិច្ចតាម ផែនការ សកម្មភាព គឺយើងបានធ្វើអស់ហើយ ហើយគេបានមកធ្វើ អធិការកិច្ច រួចហើយ។ ដូច្នេះអាស្រ័យលើគេសម្រេចយ៉ាងម៉េច?។ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា យើងសង្ឃឹមចេញពីបញ្ជីប្រផេះនេះ នៅ ខែមីនា ឬអាចក្នុងខែមិថុនា»។

សូមរំឮកដែរថា នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ កន្លង ទៅនេះ ប្រតិភូនៃអង្គការក្រុមការងារហិរញ្ញវត្ថុ(FATF) ដែល ដឹកនាំដោយលោកស្រី មីលីន វ៉ាង (Mei-Lin Wang) មន្ត្រី ជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋាន FATF បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលលោកស្រីបានជួប ពិភាក្សាជាមួយសម្ដេចតេជោហ៊ុន សែន ផងដែរ ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាន បង្ហាញ ឆន្ទៈយ៉ាងមុតមាំក្នុងការរំដោះកម្ពុជាចេញពីបញ្ជីប្រផេះនៃការលាងលុយនេះ ដោយសម្ដេចតេជោ អះអាងថា កម្ពុជាមានឆន្ទៈ នយោបាយ ខ្ពស់ ហើយសម្ដេចក្រឡាហោមបានរំពឹងយ៉ាង មុតមាំ ផងដែរថា តាមរយៈការចុះធ្វើអធិការកិច្ចរបស់អង្គការ FATF លើ របាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជាទំនងនឹងរំដោះកម្ពុជាឱ្យរអិលចូលបញ្ជីស វិញម្តង ។

រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២០ បានអនុម័តសេចក្តីព្រាង ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឬការលាងលុយកខ្វក់ព្រោះបានយល់ឃើញពីទំហំនៃផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងគោលនយោបាយខ្លួនពីបញ្ហាអាស្រូវ សម្អាតប្រាក់៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner