រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនៅខេត្តបាត់ដំបង នឹងឆ្លើយតប តម្រូវការរបស់ពលរដ្ឋនៅតំបន់ឆ្ងាយៗ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ថិតនៅក្នុង ក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ( Provincial water supply and Sanitation project ) ដែលទទួល បានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗ។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបញ្ចុះ បឋម សិលាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី នេះថា បន្ទាប់ ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះសាងសង់រួច សេវាផ្គត់ ផ្គង់ ទឹកស្អាត កាន់តែត្រូវ បានពង្រីកវិសាលភាព បណ្តាញចែក ចាយ កាន់តែទូលំទូលាយបានមួយកម្រិតធំ ដែលមានសមត្ថភាព ផលិត ទឹក ស្អាតបានប្រមាណ ៥០ ០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយនៅទីប្រជុំជន ក្រុងបាត់ដំបងនឹងទទួលបានទឹកស្អាត ប្រើប្រាស់ ១០០ភាគរយ ក្នុងឆ្នាំ២០២៥។

ឯកឧត្តមបន្តថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកបាត់ដំបងមាន សមត្ថភាព ផលិតទឹកស្អាតបានជាងបីម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលមានប្រជាជនសរុបក្នុងតំបន់សេវាកម្មជាង២៥ម៉ឺននាក់ ហើយ ការផ្គត់ផ្គង់ទឹកស្អាតបានត្រឹមតែ៦៨,៧៥ភាគរយប៉ុណ្ណោះ។
បើតាមឯកឧត្តម ចម ប្រសិទ្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គឺ មនុស្ស ,ទឹក ,ភ្លើង និងផ្លូវ ដែលជាក់ ស្តែង រដ្ឋបាលខេត្តបាត់ដំបងបានចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធទឹកស្អាតមួយដែលមានសមត្ថភាពផ្គត់ផ្គង់៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយនេះជាការបង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាតខ្នាត ធំមួយជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុននៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តមបានថ្លែងថា ៖ «មានទឹកស្អាតទើបមានការអភិវឌ្ឍ ផ្តើម ចេញពីការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់នេះហើយ ទើបអាច ជួយដល់ការធ្វើឱ្យប្រសើរឡើងនៅកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ហើយយើងមានលទ្ធភាពអភិវឌ្ឍន៍មូលដ្ឋាន ឃុំ សង្កាត់ គ្រប់ ក្រុង ស្រុក ខេត្តរបស់យើងបាន ក៏ដូចជាសមិទ្ធផល ថ្មីនេះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដោះស្រាយបញ្ហាទាំងអស់នេះ»។
លោក ខន ណារិទ្ធិ មន្ត្រីនៃអង្គភាពរដ្ឋាករទឹកបាត់ដំបង នៃមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ក៏បានថ្លែងដែរថា គម្រោងនេះ ជាកិច្ចព្រមព្រៀងឥណទាន សម្បទានរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍បារាំង (AFD) ដែលមានទឹកប្រាក់ប្រហែលជាង ៣៣,៦ លានដុល្លារអាមេរិក ដែលត្រូវសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ។

លោកថា វាមានសមត្ថភាពផលិតទឹកស្អាត ៥០,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថានីយបូមទឹកឆៅ និងពង្រីកបំពង់មេបញ្ជូន ទឹកស្អាត ប្រវែង ៩៣គីឡូម៉ែត្រត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន The China Civil Engineering Construction Corporation (CCECC) និងមានការតាមដានត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃការអនុវត្តគម្រោងដោយក្រុមហ៊ុន PIAC។

លោក ខន ណារិទ្ធិ បានបន្តថា ៖ «គម្រោងនេះ មានគោលដៅ បំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាត សម្រាប់ក្រុងបាត់ដំបងទាំងមូល និងតាមឃុំ នានា របស់ស្រុកពីរ គឺស្រុកថ្មគោល និងស្រុកសង្កែ ដែលមានព្រំប្រទល់ជាប់នឹង ក្រុង បាត់ដំបង ដែលជាការខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវផែន ការ អភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាត ‘ទឹកស្អាតដើម្បីទាំងអស់គ្នា’ ជូនដល់ ប្រជាពលរដ្ឋតាមទីប្រជុំជនឱ្យបាន ១០០ភាគរយនៅត្រឹមឆ្នាំ ២០២៥ ៕
ដោយ៖យុទ្ធ វីរៈ

ads banner