អ.ស.ប៖ ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកើនឡើង ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាច
អ.ស.ប៖ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុក គ្រឿង ញៀននិងឧក្រិដ្ឋកម្ម(UNODC)បានឱ្យដឹងក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាំដុះអាភៀនបានកើន ឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារ ដណ្តើមអំណាចក្នុងឆ្នាំ ២០២១ ដែលក្រឡាស់ការធ្លាក់ចុះ ជា លំដាប់នៃការដាំដំណាំខុសច្បាប់ប្រភេទនេះចន្លោះឆ្នាំ ២០១៤-២០២០។
យោងតាមទិន្នន័យដែល UNODC ប្រមូលបានក្នុងអំឡុងរដូវ ដាំដុះអាភៀនចាប់តាំងពីរបបសឹកយោធាចូលកាន់អំណាចមក ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាបានកើនឡើង ៣៣ ភាគរយ ខណៈទិន្នន័យអាភៀនកើនឡើងដល់ ៨៨ ភាគរយ ក្នុងឆ្នាំ ២០២២។ បើគិតជាចំនួន វាស្មើនឹងជាង ៤០ ០០០ ហិកតា នៃអាភៀនដែលដាំដុះនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២២ និងផ្ដល់ ទិន្នផលអាភៀនសរុប ៧៩០ តោន។
ជាទូទៅ អាភៀនជាអាចចម្រាញ់ចេញសារធាតុញៀនខ្លាំង ហើយ កែច្នៃសម្រាប់ផលិតហេរ៉ូអ៊ីន។ UNODC និយាយក្នុង សេចក្តី ថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា៖ «ទិន្នផលឆ្នាំ ២០២២ បញ្ជាក់ពីការរីកចម្រើនដ៏ធំនៃសេដ្ឋកិច្ចអាភៀន របស់ មីយ៉ាន់ម៉ា»។
វិបត្តិជាច្រើនដែលមីយ៉ាន់ម៉ាប្រឈមមុខ មានទំនាក់ទំនងដោយ ផ្ទាល់ទៅនឹងការកើនឡើងនៃការដាំដុះអាភៀន។
របាយការណ៍អ.ស.ប. កត់សម្គាល់ថា កសិកររកបានច្រើន ជាងពីរ ដងពីអាភៀនដូចនឹងឆ្នាំមុន ដែលនេះហើយជាភាពទាក់ទាញ ខាង ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជន ខណៈប្រទេសជួបប្រទះនឹង អស្ថិរភាពសង្គម និងសេដ្ឋកិច្ច ដែលទទួលរងឥទ្ធិពលនៃរដ្ឋ ប្រហារ យោធា និងសង្រ្គាមស៊ីវិល។
របាយការណ៍បានលើកឡើងយ៉ាងដូច្នេះថា៖ «អស្ថិរភាព នយោបាយ បន្តក្រោយរដ្ឋប្រហារ សេដ្ឋកិច្ចទន់ខ្សោយ អតិផរណា និងតម្លៃអាភៀនខ្ពស់ កំពុងបង្កើតការសម្រេចចិត្តក្នុងគ្រួសារ។ បញ្ហាទាំងអស់រួមបញ្ចូលគ្នា ជំរុញលើកទឹកចិត្តដ៏ខ្លាំងក្លាឱ្យ កសិករងាកទៅរក ឬពង្រីកការដាំដុះអាភៀន»។
អ្នកតំណាង UNODC ប្រចាំតំបន់ លោក Jeremy Douglas បានថ្លែងបញ្ជាក់បន្ថែមលើបញ្ហានេះ ក្នុងសន្និសិទកាសែត នាទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ទាំងបន្តថា៖ «កសិករ នៅតំបន់ដាច់ស្រយាលជាពិសេសនៅរដ្ឋ សាន(Shan) ដែលជាតំបន់ ជម្លោះនៅភាគខាងជើង និងនៅបណ្ដារដ្ឋជាប់ព្រំដែន មានជម្រើសតិចតួច ដែលធ្វើឱ្យពួកគេត្រូវត្រឡប់ទៅរកការដាំ អាភៀនវិញ»។
របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារអ.ស.ប. បានគូសបញ្ជាក់ ថា ទោះបីជាប្រាក់ចំណូលរបស់កសិករដាំអាភៀនកើនឡើង ដោយ សារអាភៀនឡើងថ្លៃក៏ដោយ វាមិនធ្វើឱ្យការទិញទំនិញ របស់ប្រជាជនកើនឡើងនោះទេ ដោយសារតែកំណើនអតិផរណា រូបិយប័ណ្ណធ្លាក់ចុះ និងការកើនឡើងនៃថ្លៃដើមជី ឥន្ធនៈ និងការ ដឹកជញ្ជូន។
លោក Douglas បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការ ដាំអាភៀនជាជម្រើសការងារចុងក្រោយក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែការដាំអាភៀនកើនឡើងបច្ចុប្បន្នគឺដោយសារភាពក្រីក្រ ហើយប្រជាជនគ្មានជម្រើសការងារ។ លោកកត់សម្គាល់ថា មុនរដ្ឋប្រហារ ការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កើតការងារ និងផ្តល់ជម្រើសឱ្យពលរដ្ឋជំនួសដល់ ការដាំ ដុះអាភៀន។
គួរភ្ជាប់ជាមួយគ្នានេះថា តំបន់ត្រីកោណមាស ដែលជាទឹក ដី ព្រៃព្រំប្រទល់ថៃ ឡាវ និងភូមា គឺជាកន្លែងជួញដូរគ្រឿងញៀន ខុសច្បាប់ជាយូរមកហើយ។ របាយការណ៍អ.ស.ប.លើកឡើងថា ការកើនឡើងនៃការដុះអាភៀន និងគ្រឿងញៀននៅមីយ៉ាន់ម៉ា ហាក់ធ្វើឱ្យតំបន់នេះបច្ចុប្បន្នកំពុងតភ្ជាប់វិស័យគ្រឿងញៀនទៅទីផ្សារពិភពលោកឡើងវិញ។
យោងតាមការសិក្សារបស់អ.ស.ប. ការកើនឡើងនៃការ ដាំដុះ អាភៀនបានកើតឡើងស្របគ្នាជាមួយនឹងការផលិតថ្នាំសំយោគនៅមីយ៉ាន់ម៉ា ដែលបានបន្តរីកឡើង ខណៈសេដ្ឋកិច្ចគ្រឿងញៀន នៅក្នុងប្រទេស និងតំបន់ជុំវិញបានបង្កើតប្រាក់ចំណេញ យ៉ាង ច្រើន។ តាមទិន្នន័យ ការជួញដូឬហេរ៉ូអ៊ីនក្នុងតំបន់ ត្រូវបាន គេប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ១០ ប៊ីលានដុល្លារ ខណៈតម្លៃនៃសេដ្ឋកិច្ចអាភៀនរួមរបស់មីយ៉ាន់ម៉ា មានទៅដល់ ពីរ ប៊ីលានដុល្លារ។
ការសិក្សារបស់អ.ស.ប. បន្តថា ភាពទំនើបជាងមុននៃ បច្ចេកទេស កសិកម្ម និងការមានជីកសិកម្មប្រើប្រាស់ទំនងជាហេតុផលដែល ធ្វើឱ្យទិន្នផលអាភៀនជាមធ្យមក្នុងចំការអាភៀនរបស់មីយ៉ាន់ម៉ាកើនឡើងជិត២០គីឡូក្រាមក្នុងមួយហិកតាក្នុងឆ្នាំ ២០២២ ដែល ជាកើនឡើង ៤១ ភាគរយបើធៀបនឹងឆ្នាំ ២០២១។
អ.ស.ប.និយាយថា កម្រិតទិន្នផលបែបនេះក្នុងមួយហិកតា ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅមីយ៉ាន់ម៉ា ចាប់តាំងពី UNODC បានចាប់ផ្តើមធ្វើការប្រមូលទិន្នន័យក្នុងប្រទេសនេះ។អង្គការបន្តថា៖ «ការបន្តកើតមានឡើងវិញនៃការដាំដុះ អាភៀន នៅមីយ៉ាន់ម៉ា នឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ច គ្រឿងញៀនកាន់តែធំ ជាពិសេសតំបន់មេគង្គក្រោម»។
លោក Douglas បានលើកឡើងពីផលប៉ះពាល់ក្នុងតំបន់ថា៖ «យើងកំពុងសម្លឹងមើលការកើនឡើងនៃការផ្គត់ផ្គង់ហេរ៉ូអ៊ីនដែលភាគច្រើននឹងចូលទីផ្សារអាស៊ីដោយខ្លួនឯង» ។ អ្នកតំណាង UNDOC ដដែលបន្តថា៖ «ការប្រើប្រាស់ហេរ៉ូអ៊ីននៅក្នុង ប្រទេស ចិន វៀតណាម និងប្រទេសក្នុងតំបន់ផ្សេងទៀត នៅតែស្ថិត នៅ ក្នុងកម្រិតខ្ពស់ ហើយជាការពិតណាស់ វានាំមកនូវបញ្ហា ប្រឈម សម្រាប់ប្រព័ន្ធសុខភាពសាធារណៈ និងតម្រូវការសម្រាប់ ការ កាត់បន្ថយគ្រោះថ្នាក់ និងសេវាកម្មផ្សេងទៀត» ។
កន្លងមកគណៈកម្មាធិការមជ្ឈិមគ្រប់គ្រងដោយរដ្ឋសម្រាប់ការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀនរបស់ប្រទេសមីយ៉ាន់ម៉ា បាន អះអាងថា ចម្ការអាភៀនរាប់ពាន់ហិកតាត្រូវបានលុបបំបាត់ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែទិន្នន័យរយៈពេលពីរទសវត្សរ៍បង្ហាញថា សកម្មភាពបែបនេះធ្វើឡើងតិចតួច ហើយ UNODC មិនជឿ ថាចំណាត់ការនេះដំណើរការនោះទេ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគ្រប់គ្រង UNODC នៅមីយ៉ាន់ម៉ា លោក Benedikt Hofmann បានស្នើថា វាទាមទារឱ្យការចូល រួមដោះស្រាយបញ្ហាប្រឈមដែលប្រជាជនរស់នៅតំបន់ដាំដុះអាភៀនជាប្រពៃណីជួបប្រទះ ដូចជាភាពឯកោ ភាពងាយរងគ្រោះ ផ្នែក សេដ្ឋកិច្ច និងជម្លោះដែលកំពុងកើនឡើងនៅមីយ៉ាន់ម៉ា។
លោក Hofmann និយាយថា៖ «នៅទីបំផុត ការដាំដុះអាភៀន គឺពិតជាទាក់ទងនឹងសេដ្ឋកិច្ច ហើយវាមិនអាចដោះស្រាយ ដោយការបំផ្លាញដំណាំ ដែលកាន់តែធ្វើឱ្យប្រជាជនងាយរង គ្រោះទៀតនោះទេ»។ លោកបន្ត បើគ្មានស្ថិរភាពសេដ្ឋកិច្ច និងជម្រើសផ្សេងទៀតទេ ការដាំដុះ និងផលិតកម្មអាភៀន ទំនងនឹងបន្តកើនឡើង៕ ដោយ៖ ហួន ឌីណា