សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវមូលហេតុដែលដំណើរទៅមុខរបស់កម្ពុជា មានភាពយឺតយ៉ាវជាងប្រទេសខ្លះក្នុងតំបន់ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាភាពរីកចំរើនយឺតរបស់កម្ពុជា បើប្រៀបធៀបនឹងប្រទេសដទៃមួយចំនួន គឺដោយសារតែកត្តាធនធានមនុស្សមានកម្រិត, ហើយការបំផ្លាញធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានេះ បានចាប់ផ្តើមពីការធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុ។
សម្តេចតេជោបានថ្លែងនៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន បង្ហាញថាកម្ពុជា បច្ចុប្បន្នធនធានមនុស្សនៅមានកម្រិតដែលមិនទាន់អាចប្រើប្រាស់អស់លទ្ធភាពក្នុងការទាញ យកភោគទ្រព្យជាតិទាំងអស់ដែលមានក្នុងប្រទេសកម្ពុជានេះឡើយ។ សម្តេចបានបន្ទោសលើទង្វើរដ្ឋប្រហារថ្ងៃទី១៨ មករា ឆ្នាំ១៩៧០ ដែលបានធ្វើឱ្យដំណើរអភិវឌ្ឍន៍ របស់កម្ពុជាដើរយឺតជាងប្រទេសដទៃដែលគ្មានប្រវត្តិសង្គ្រាម។
សង្គ្រាមដែលផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០នោះហើយ បាននាំកម្ពុជាធ្លាក់ចូលក្នុងរណ្តៅ នៃរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ក្នុងរបបខ្មែរក្រហមប៉ុលពតនោះ, និស្សិត, បញ្ញវ័ន្ត, សាស្ត្រាចារ្យ បណ្តាអ្នករៀនសូត្រចេះដឹងខ្ពង់ខ្ពស់ គឺជាមុខសញ្ញាកម្ទេចរបស់អង្គការស្លៀកខោអាវខ្មៅ នៃរបបប៉ុលពត។
មនុស្សស្លាប់ច្រើនលាននាក់ ភាគច្រើនគឺជានិស្សិតនិងបញ្ញវ័ន្ត, អតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរលោកលន់នល់។ សម្តេចតេជោបានថ្លែងថានោះហើយគឺជាកំហុសនយោបាយដែលធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសដែលមានការរីកចំរើនយឺតយ៉ាវជាងគេ។
សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេល២៨ឆ្នាំ ត្រូវបានពន្លត់អស់ទាំងស្រុងក្រោមយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ធនធានមនុស្សរបស់កម្ពុជាទើបតែមានខ្លះសាឡើងវិញ បន្ទាប់ពីប្រទេសអស់សង្គ្រាមជាមួយការជម្រុញ និងកែទម្រង់លើវិស័យសិក្សាធិការ ក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងសម័យមានសន្តិភាពពិតប្រាកដនេះទេ។