កីឡាស៊ីហ្គេមលើកទី៣២ នឹងមកដល់៩៩ថ្ងៃខាងមុខនេះ (Video Inside)
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានមកដល់វេលា៩៩ថ្ងៃទៅមុខទៀតនេះដែលនឹង ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំកន្លងមកនេះ។
ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួម មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើងក្នុងរវាង២ឆ្នាំម្តង ដោយចាប់ផ្តើមដំបូងក្នុងខែធ្នូឆ្នាំ១៩៥៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរង់ចាំប្រមាណ៦៤ឆ្នាំមកហើយចាប់តាំងពីថ្ងៃប្រកួតដំបូងនោះមក ដែលកម្ពុជាទើបបានក្លាយជាប្រទេសនៃម្ចាស់ផ្ទះជាលើកដំបូង។
កម្ពុជាដែលជាសមាជិកអាស៊ាន ជាច្រើនដងរួចមកហើយ បានបោះបង់សិទ្ធិ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកីឡាស៊ីហ្គេមនេះ ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាព គ្រប់គ្រាន់នៅក្នុង ការត្រៀមរៀបចំលក្ខណៈធ្វើការប្រកួត និងម្យ៉ាងទៀតដោយសារ តែកម្ពុជាមានតម្រូវការសន្សំ ថវិកាដើម្បីផ្តោតលើការអភិវឌ្ឍន៍លើវិស័យចាំបាច់ជាបន្ទាន់ជាងនេះ បន្ទាប់ពីប្រទេសអស់ សង្គ្រាមស៊ីវិលនោះរួចមក។
យោងតាមកម្មវិធីដែលរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀតរវាង ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។