ក្រសួងបរិស្ថានកំណត់ថ្ងៃ៣មីនា បើក «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នៅខេត្តចំនួន៥ (Video Inside)

ក្រសួងបរិស្ថាន និងអង្គការដៃគូបានកំណត់យកថ្ងៃទី៣ខែមីនាក្នុង «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នៅខេត្តចំនួន៥ ។ ការកំណត់នេះបានធ្វើឡើង ឱកាសកិច្ចប្រជុំមួយនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធ និងពីតំណាងអង្គការដៃគូ នានានៅក្នុងក្រសួងបរិស្ថាន។

ខេត្តទាំង៥ដែលបានកំណត់ក្នុងការធ្វើ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២នោះ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។ យុទ្ធនាការនោះ នឹងមានរយៈពេល ៥ខែគឺចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។

លោក នេត្រ ភក្ត្រា បានផ្តល់បច្ចុប្បន្នភាពថា ក្នុងឆ្នាំ២០២២អន្ទាក់ចំនួន ៣ម៉ឺន៤ពាន់អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា ខណៈអន្ទាក់ដែលគេបានដោះក្នុងឆ្នាំ២០២១ មានចំនួនច្រើនដល់ទៅ ៦ម៉ឺន១ពាន់៦១១ អន្ទាក់ ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «លទ្ធផលនេះជាសូចនាករមួយ ដែលអាចបញ្ជាក់បានអំពីហេតុប៉ះពាល់ដោយផ្ទាល់ចេញពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីផលវិបាកនៃការដាក់អន្ទាក់, ការបរិភោគ និងការជួញដូរសាច់សត្វ ព្រៃដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរិភោគ និងបញ្ឈប់ជួញដូរសត្វព្រៃ ដែលទង្វើទាំងនេះសុទ្ធសឹងជាទង្វើដែលបង្កមហន្តរាយដល់ មនុស្សនិងសត្វព្រៃគ្រប់ប្រភេទ»។

វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារ នៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ របាយការណ៍ដដែលនិយាយថាអន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម៕

ads banner