គណបក្សប្រជាជនកម្ពុជា ត្រៀមបើកមហាសន្និបាតតំណាងទូទាំងប្រទេស (Video Inside)
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចត្រៀមនឹងបើក «មហាសន្និបាតតំណាងទូទាំងប្រទេស» រយៈពេល២ថ្ងៃ នៃថ្ងៃចុងសប្តាហ៍នេះ ដើម្បីធ្វើការជជែករៀបចំគោលនយោបាយសម្រាប់រយៈពេល៥ឆ្នាំ២០២៣ និង២០២៨។
«មហាសន្និបាតទូទាំងប្រទេស» នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ បានធ្វើឡើងសម្រាប់ត្រៀមទុកជាមុនខណៈឆ្នាំ២០២៣នេះ គឺជាឆ្នាំចុងក្រោយហើយ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលពី៦ នៃរដ្ឋសភាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ជុំវិញការត្រៀមបើកមហាសន្និបាតរយៈពេល២ថ្ងៃ។
គណបក្សប្រជាជនកម្ពុជា បានកាន់អំណាចបន្តបន្ទាប់ជាប់គ្នារយៈពេល៦អាណ្ណត្តិមកហើយ។ ក្នុងអាណ្ណត្តិទី៦នេះ បើទោះបីជាសភាពការណ៍ពិភពលោកបានប្រឈមនឹងភាពតានតឹង ដោយសារវិបត្តិនៃសង្គ្រាមអ៊ុយក្រែន, ភាពប្រឈមមុខរវាងប្រទេសមហាអំណាចដោយសារ មហិច្ឆិតាប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងវិបត្តិឆ្លងជម្ងឺកូវីដ១៩ក៏ដោយ, កម្ពុជា នៅតែបន្តភាពរឹងមាំរបស់ខ្លួនជាដដែល។ កម្ពុជាមុនការឈានចូលមកដល់នៃវិបត្តិឆ្លងកូវីដ-១៩ សម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ២០១៩។