សម្ព័ន្ធអារ៉ាប់ អេហ្ស៊ីប និងតួកគីថ្កោលទោសអ៊ីស្រាអែល ជុំវិញការសម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់នៅតំបន់ West Bank

គែរ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុត ចំពោះការវាយឆ្មក់របស់យោធាអ៊ីស្រាអែលទៅលើទីក្រុង Jenin និងជំរុំជនភៀសខ្លួន Jenin ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៩នាក់។

បើតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអារ៉ាប់ លោក Aboul Gheit បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិការពារប្រជាជនប៉ាឡេស្ទីន។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់ទៅលើទីក្រុងប៉ាឡេស្ទីន ដែលជាគំរាមកំហែងដល់សន្តិសុខនៅតំបន់ West Bank ត្រូវតែបញ្ឈប់ជាបន្ទាន់។

ក្រសួងបានព្រមានប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការវាយលុកបែបនេះ ទៅលើសន្តិសុខ និងស្ថិរភាពនៃទឹកដីជម្លោះនេះ។ ទន្ទឹមគ្នា តួកគីក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយឆ្មក់សម្លាប់ជីវិតជនស៊ីវិលនៅតំបន់ West Bank ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើងភាពតានតឹង និងការបាត់បង់ជីវិតមនុស្សស្ទើររាល់ថ្ងៃ។

បើតាមរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ ភាគីអ៊ីស្រាអែលនិយាយថា វាគឺជាប្រតិបត្តិការប្រឆាំងភេរវកម្ម ប៉ុន្តែក៏មានស្ត្រីចំណាស់ម្នាក់ក្នុងចំណោមអ្នកស្លាប់ផងដែរ។ លោកថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មីកំពុងបន្តការបង្កហេតុផ្សេងៗ ចាប់តាំងពីចូលកាន់តំណែង ដោយលោកបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលជៀសវាងការវាយប្រហារ និងការបង្កហេតុបែបនេះបន្ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner