សហរដ្ឋអាមេរិកដាក់ស្លាកក្រុមហ៊ុនរុស្ស៊ី Wagner Group ជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន”
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner Group ហើយបានកំណត់ថា វាជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់”។
ក្រសួងរតនាគារអាមេរិកបានបញ្ជាក់នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនក៏នឹងដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២ផ្សេងទៀត ដែលគាំទ្រដល់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនផងដែរ។វិធានការនេះរួមមានការបង្កកទ្រព្យសកម្មនៅសហរដ្ឋអាមេរិក និងការហាមប្រាមលើប្រតិបត្តិការអាជីវកម្មជាមួយបុគ្គល និងក្រុមហ៊ុនអាមេរិក។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្រ្តអាមេរិក លោក ចន ឃើប៊ី បានចោទប្រកាន់ក្រុម Wagner ថា បានបញ្ជូនអ្នកប្រយុទ្ធ ៥០,០០០នាក់ទៅកាន់អ៊ុយក្រែន រួមទាំងអ្នកទោសប្រហែល ៤០,០០០នាក់ដែលត្រូវបានជ្រើសរើសពីប្រទេសរុស្ស៊ី។ លោកថា រុស្ស៊ីពឹងផ្អែកខ្លាំងលើក្រុមហ៊ុនយោធា ដើម្បីបន្តការប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា
