ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរព្រឹត្តិការណ៍ មរតកដំណឹងល្អ ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

ភ្នំពេញ៖ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» បន្ទាប់ពីសាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍នេះ ប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» នាពេលនេះ ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់ អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។

បច្ចុប្បន្ន គ្រិស្ដបរិស័ទបានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈការអប់រំ មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងអង្គការសមាគមមានចរិតសាសនា ដូចជា ជួយសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ កាដូក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ជរា និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាង សកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា មិនប្រកាន់និន្នាការជំនឿសាសនា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner