រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ ក្នុងពិធីសំណេះសំណាល លើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានកោតសរសើរឆន្ទៈដ៏មោះមុតរបស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារៈមួយចំនួនដល់ការងារអភិរក្សសត្វផ្សោត។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍមកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅប្រកបមុខរបរផ្សេងវិញ។

ឯកឧត្តរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល ។ ហើយដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់សម្ភារចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេ ហើយក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេសដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។ ចំណែកឯរដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner