ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តពន្លាជ័យ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានសម្តែងការត្រេកអរជាមួយព្រះតេជគុណ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ជាពិសេសលោកយាយលោកតា និងប្រជាពលរដ្ឋឃុំអមលាំង ដែលបានទទួលសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសសាលធម្មសភានៅក្នុងវត្តពន្លាជ័យ ដែលនឹងដើរតួនាទីបំពេញតម្រូវការនានាក្នុងវត្ត បម្រើដល់ព្រះពុទ្ធសាសនា និងជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក។ ឯកឧត្តមបានសម្តែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ សាន សាន់ ព្រះគ្រូចៅអធិការវត្តពន្លាជ័យ ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រមូលបច្ច័យពីសប្បុរសជនទាំងអស់ និង ពុទ្ធសាសនិក។

ឯកឧត្តមសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានបរិច្ចាកកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា ដើម្បីចូលរួមកសាងសមិទ្ធិផលជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺនេះ ដោយបានគិតគូរ និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងជួសជុល ស្តារ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូហែ។ ឯកឧត្តមបានបន្ថែមថា តាមរយៈសមិទ្ធិផលទាំងឡាយខាងលើនេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាព ដែលតាមរយៈសន្តិភាពដែលយើងថែរក្សា យើងនឹងអាចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថា ចូលឆ្នាំ២០២៣នេះ ក្រៅពីសមិទ្ធផលថ្ងៃនេះ បងប្អូនឃុំអមលាំង ទើបតែប្រកាសបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង ១៥.៥គីឡូម៉ែត្រ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះជ្រាវ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២៕ម៉ុន សំអាត

ads banner