សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនា និងប្រឆាំងដាច់ខាត ការរើសអើងសាសនា មិនត្រូវឱ្យមានជម្លោះសាសនាកើតឡើងទេ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាព ខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា ។ យើងប្រឆាំងដាច់ខាតការរើសអើងសាសនា និងមិនត្រូវឲ្យមានជម្លោះសាសនា កើតឡើងនោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ រាជរដ្ឋាភិបាល ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ កម្ពុជា ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានថ្លែងអរគុណ ចំពោះគ្រិស្តបរិស័ទទាំងអស់ ដែលបានចូលរួមការពារសន្តិភាព ហើយបានចូលរួមក្នុងការប្រយុទ្ធទប់ស្កាត់ជាមួយនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងទៅ ៕ ដោយ វណ្ណលុក


