ពាណិជ្ជកម្ម ក្រៅប្រទេសសរុបរបស់ហ្វីលីពីន ធ្លាក់ចុះ ៩.៩ភាគរយ ក្នុងខែធ្នូ ឆ្នាំ ២០២២
ម៉ានីល៖ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ហ្វីលីពីនបានធ្លាក់ចុះ ៩.៩ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២២ ដោយប្រទេសចិនបានរួមចំណែកតម្លៃពាណិជ្ជកម្មខ្ពស់បំផុត។
ពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ហ្វីលីពីនបានឈានដល់ទឹកប្រាក់ ១៥.៩៣ពាន់លានដុល្លារក្នុងខែធ្នូឆ្នាំមុន ដែលក្នុងនោះ ៦៤.៤ភាគរយជាទំនិញនាំចូល ខណៈដែលនៅសល់ជាទំនិញនាំចេញ។
ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មមានទឹកប្រាក់ចំនួន ៤.៦០ពាន់លានដុល្លារ ដែលបង្ហាញពីការថយចុះប្រចាំឆ្នាំចំនួន ១០.២ភាគរយ។
ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងទៀតថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយក៏ជាអ្នកផ្គត់ផ្គង់ធំបំផុតនៃទំនិញនាំចូលរបស់ប្រទេសហ្វីលីពីនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

