ឯកឧត្តម ជា សុផារ៉ា ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលខេត្តបាត់ដំបង បន្ទាយមានជ័យ ជួយការពារតំបន់៣ នៃតំបន់ទន្លេសាបឱ្យបាន ដើម្បីជាសម្បត្តិធនធានធម្មជាតិសម្រាប់បន្តទុកដល់មនុស្សជំនាន់ក្រោយ

ខេត្តបាត់ដំបង៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តបាត់ដំបង ស្រុក ឃុំឱ្យជួយការពារតំបន់៣ នៃតំបន់ទន្លេសាបឱ្យបាន កុំឲ្យមានការទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលចាត់ទុកថាជាសម្បត្តិធនធានធម្មជាតិសម្រាប់បន្តទុកដល់មនុស្សជំនាន់ក្រោយដូចមានចែងក្នុងអនុក្រឹត្យលេខ ១៩៧ រីឯកិច្ចការដែលបានសម្រេចហើយសូមឱ្យទាញយកផលប្រយោជន៍គ្រប់បែបយ៉ាងរួមទាំងផលប្រយោជន៍ខាងសេដ្ឋកិច្ចនិង នយោបាយដើម្បីរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋក៏ដូចជាយើងទាំងអស់គ្នាគ្រប់ៗអាណត្តិ។

ការថ្លែងឡើងបែបនេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសដេល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើរករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នាដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញទាំងអស់ដែលបានជួយសម្របសម្រួលចុះមូលដ្ឋានទៀងទាត់យកទិន្នន័យដើម្បីមានជាមូលដ្ឋានសម្រាប់បំពេញការងារ ដោយការជួបជុំគ្នានៅពេលនេះគឺដើម្បីពិនិត្យពិចារណាបន្ថែមលើសំណើរបស់រដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់ ៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនផ្ដល់សេចក្តីសម្រេចចុងក្រោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលមានវត្តមាននៅពេលនេះគឺសុទ្ធតែបានខិតខំអនុវត្តទិសដៅ តាមប្រក្រតីទិនដោយសម្ដេចតេជោបានដាក់បញ្ជាថាឲ្យធ្វើការងារនេះឲ្យបានចប់សព្វគ្រប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបន្តដំណើរទៅកាន់សាលាខេត្តបន្ទាយមានជ័យដើម្បីបើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២និង តំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដឹកនាំមន្ត្រីជំនាញនិងក្រុមការងារទាំងអស់ជួយសម្របសម្រួល ដើម្បីមានទិន្នន័យជាក់លាក់ សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើ សុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីបានពិភាក្សាគ្នាយ៉ាងលម្អិតលើសំណើ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់ ៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តនេះរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានស្រុកឃុំ ឱ្យយកចិត្តទុកដាក់ថែបំប៉នសមិទ្ធិផល ដែលបានធ្វើនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ឱ្យបានល្អដើម្បីទាញយកផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចនិងនយោបាយសំដៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលទាំងនេះគឺអាស្រ័យលើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងការប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដោយត្រូវយល់ថានេះគឺជាទុនមិនចេះរីងស្ងួតដែលសម្ដេចតេជោហ៊ុនសែនបានប្រគល់លទ្ធភាពប្រកបដោយសក្តានុពលដល់យើងទាំងអស់គ្នាក្នុងការបំពេញបន្ថែមនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោហ៊ុនសែន ដូច្នេះយើងទាំងអស់គ្នាត្រូវបំពេញការងារនេះឲ្យបានល្អ មានភាពច្បាស់លាស់ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាក្នុងនីតិកាលបន្តបន្ទាប់ទៀត៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner