ម៉ាឡេស៊ីស្វែងរកសហការពីខេត្តព្រះសីហនុ ដើម្បីប្រឆាំងការជួញដូរមនុស្ស

ព្រះសីហនុ៖ ស្នងការនគរបាលនៃម៉ាឡេស៊ី ស្វែងរកកិច្ចសហការ និងផ្តល់ព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះការជួយដូរមនុស្ស ខណៈប្រជាពលរដ្ឋម៉ាឡេស៊ីដែលត្រូវបានជនឆបោក នាំយកមកបំរើការងារនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

ក្នុងជំនួបពិភាក្សាការងារ ស្តីពី«ការជួយដូរមនុស្ស» ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ ខែមករា លោក Data’s Sri Abb Jalil Bin Hassan ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី ថ្លែងថា ការជួញដូរមនុស្សជាក្តីកង្វល់ និងធ្វើឱ្យមានការប៉ះពាល់ដល់ពិភពលោក ប្រទេសម៉ាឡេស៊ីបានខិតខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស ដោយផ្អែកនឹងច្បាប់។

លោកបន្តថា តាមហេតុផលជនរងគ្រោះបញ្ជាក់ថា មានការជួញដូរមនុស្ស ដោយស្នើសុំការអន្តរាគមន៍ជួយសង្គ្រោះនៅក្រៅប្រទេស ក្នុងនោះក៏មាននៅកម្ពុជាផងដែរ។ លោកថ្លែងថា៖ « នេះគឺជាកិត្តិយសនៃការទទួលស្វាគមន៍នាពេលនេះ ក្នុងគោលបំណងស្វែងរកវិធីសាស្ត្រកំណត់ទីតាំងជួយសង្គ្រោះជនរងគ្រោះ ពីការស្នើសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនជនឆរបោក យើងក៏ចង់បានព័ត៌មាន និងបទពិសោធន៍ ដើម្បីចែករំលែកផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ីផងដែរ»។

លោកស្នងការ សង្ឃឹមថារដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលកម្ពុជា តាមកិច្ចពិភាក្សានេះនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមកប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខ។

ជាមួយគ្នានេះ លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះ សីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ទន្ទឹមនោះក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុផងដែរ។

លោកឯកអគ្គរដ្ឋទូត សន្យាថានៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៣ ស្នាក់នៅរយៈពេលវែងមានចំនួន ៤៦៨នាក់ ស្រី ៩៥នាក់ បំរើការងារនៅកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្មជាដើម។

លោកបន្តថា ខេត្តព្រះសីហនុ ទទួលពាក្យបណ្តឹងតាមរយផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម និង Hotline១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចតាមរយៈពាក្យបណ្តឹងនានា ចូលមករដ្ឋបាលខេត្ត ជាលទ្ធផលប្រតិបត្តិការចាប់ពីថ្ងៃទី៣ ខែតុលា ២០២២ ដល់ថ្ងៃទី១៧ ខែមករា ២០២៣ ខេត្តបានទទួលពាក្យបណ្តឹងចំនួន ២៣ បណ្តឹង៕
ដោយ: យុទ្ធ វិរ:

ads banner