រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្តសង្គ្រោះបន្ទាន់ប្រចាំតាមផ្លូវសាធារណៈដែលគ្មានការអនុញ្ញាត

អត្ថបទដោយ៖
CPA

ភ្នំពេញ: រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើជាថ្មីដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

ក្នុងលិខិតរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ដែលបានជម្រាបជូនដល់អភិបាលខេត្ត-រាជធានី ចុះថ្ងៃទី ២៧ ខែមករា នេះ បានឱ្យដឹងថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

ក្នុងលិខិតរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេងបញ្ជាក់ថា«ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។
តាមរយៈលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើងថែមទៀត។
ទាក់ទងនឹងការណែនាំនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា នេះជាការណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល ប៉ុន្តែកន្លងមកខេត្តកំពង់ស្ពឺបានខិតខំធ្វើកិច្ចការងារនេះ គ្រប់សព្វទាំងអស់ រួមទាំងក្នុងអំឡុងពេលនៃយុទ្ធនាការប្រយុទ្ធជាមួយនឹងកូវីដ១៩ផងដែរ។
លោកបានថ្លែងថា ៖ «វាមិនមានជាបញ្ហាចោទនោះទេសម្រាប់ខេត្តយើង ហើយការណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលគឺជារឿងត្រឹមត្រូវ ហើយក៏យើងបានខិតខំធ្វើតាមតាំងពីដើមរៀងមក»។
ត្រង់ចំណុចនេះ ឯកឧត្តម វ៉ី សំណាង បានធ្វើការពន្យល់ថា រយៈពេលប្រមាណជាជិត១០ឆ្នាំកន្លងមកនេះ ការផ្តល់សេវាដឹកជញ្ជូនអ្នកជំងឺដែលគ្រោះថ្នាក់ចរាចរណ៍ និងការដឹកសពទៅដល់ផ្ទះជនរងគ្រោះ គឺខេត្តមិនដែលយកសេវានៃការដឹកជញ្ជូនទាំងអស់នេះឡើយ។
អភិបាលខេត្តរូបនេះ ក៏បានបញ្ជាក់ដែរថា សម្រាប់ខេត្តកំពង់ស្ពឺលោកមិនដែលជួបឬលឺថាមានករណី ឬព្រឹត្តិការណ៍ដែលរថយន្តសង្គ្រោះបន្ទាន់ ដណ្តើមដឹកអ្នកជំងឺនោះទេ ហើយលោកក៏មិនចង់ឱ្យមានករណីបែបនេះកើតមានក្នុងខេត្តរបស់លោកឡើយ៕
ដោយ:ឡាយ សាមាន

ads banner