រដ្ឋមន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមហាជន ថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទឹកចិត្តឱ្យមហាជន ថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថត នៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេស ពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប ។ លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ បានធ្វើការរាយការណ៍ ជូនអង្គពិធីទាំងមូលនេះថា ការពង្រឹងយន្តការការងារនិងកំណែទម្រង់ សំខាន់ៗ ក្រសួងបានបង្កើត និងធ្វើបច្ចុប្បន្នភាពក្រុមការងារសំខាន់ៗចំនួន ៣៥ ដើម្បីពង្រឹងប្រព័ន្ធ និងយន្តការការងាររបស់ក្រសួង ក្នុងគោលបំណងគាំទ្រដល់ការអភិរក្សលើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន។ ជាមួយគ្នានេះ ក្រសួង ក៏បានអនុវត្តការងារកែទម្រង់សំខាន់ៗផងដែរ ។

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងក្តីពេញចិត្តដែលឃើញចំនួនផលិតភាពយន្ត-វីដេអូ មានការកើនឡើងនៅឆ្នាំ២០២២នេះ។ លោកជំទាវ បានបន្តថា ចំពោះសូចនាករពាក់ព័ន្ធនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍប្រភពកំណើនគន្លឹះ និងថ្មីៗ ដែលមានចែងក្នុងឯកសារយុទ្ធសាស្ត្រចំនួន៣ ក្រសួងបានផលិត និងជំរុញការផលិតភាពយន្ត-វីដេអូ ក្នុងប្រទេសកម្ពុជា បានចំនួន ៣៩៨១ភាពយន្ត-វីដេអូ លើគោលដៅកំណត់ចំនួន ២៩៤ភាពយន្ត-វីដេអូ។ បើធៀបនឹងឆ្នាំ២០២១ កំណើនភាពយន្ត-វីដេអូ នៅឆ្នាំ២០២២ មានការកើនឡើងខ្លាំង ក្នុងគម្លាត ២៥៨៦ភាពយន្ត-វីដេអូ ដែលភាគច្រើនដយសារកំណើន នៃការថត Pre-Wedding ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា។

លោកជំទាវ ក៏បានលើកពីបញ្ហាប្រឈមផងដែរ ទី១- មានបទល្មើសអាររំលំដើមឈើ ការរានដីព្រៃសាងសង់លំនៅដ្ឋាន, ពង្រីកដីដាំដំណាំក្នុងតំបន់អភិរក្ស, ការកសាងសំណង់ដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងតំបន់រមណីយដ្ឋាននៅតែកើតមានឡើង ជាពិសេសច្រើនកើតឡើងនៅពេលយប់ និងពេលមានវិធីបុណ្យជាតិសាសនានា, ទី២- រចនាសម្ព័ន្ធប្រាសាទមួយចំនួនរងការខូចខាតដោយកត្តាធម្មជាតិនៅរដូវវស្សា, ទី៣- កង្វះខាតមន្ត្រីជំនាញ ឆ្មាំអភិរក្ស និងពលករ ជាពិសេសរមណីយដ្ឋានប្រាសាទកោះកេរ ដែលមានប្រាសាទជាច្រើននៅមិនទាន់មានឆ្មាំប្រចាំការគ្រប់គ្រាន់ និងមិនទាន់បានថែទាំបានដិតដល់នៅឡើយ, ទី៤- ខ្វះមធ្យោបាយធ្វើដំណើរ (រថយន្ត ទោចក្រយានយន្ត) សម្រាប់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ និង ទី៥- ខ្វះខាតថវិកា និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃផងដែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner