តុលាការថៃកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

បាងកក៖ បុរសម្នាក់ត្រូវបានតុលាការ នៅប្រទេសថៃ បានសម្រេចផ្តន្ទាទោស ជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ដោយសារតែការប្រមាថព្រះមហាក្សត្រថៃ តាមរយៈការបង្ហោះសារលើប្រព័ន្ធអ៉ីនធើណិត។
បើតាមមេធាវីរបស់បុរសរូបនេះបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ថា បុរសរូបនេះមានឈ្មោះ មង្គល ទីរ៉ាកុត (Mongkol Tirakote) អាយុ២៩ឆ្នាំ ដែលមានមុខរបរជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ ត្រូវបានតុលាការនៅទីក្រុងឆៀងរ៉ាយ (Chiang Rai) ភាគខាងជើងប្រទេសថៃ រកឃើញថាពិតជាមានទោស ក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ចំនួន២ករណីដាច់ដោយឡែកពីគ្នា។
មេធាវីដដែលបានបន្ថែមថា លោក មង្គល គ្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ខណៈតុលាការបានអនុញ្ញាតឱ្យរូបលោក អាចនៅក្រៅឃុំជាបណ្តោះអាសន្ន ជាមួយថវិកាតម្កល់ ៣០០,០០០បាត ឬស្មើនឹងជិត១០,០០០ដុល្លារ។
មិនតែប៉ុណ្ណោះ លោក មង្គល ក៏ប្រឈមនឹងបទចោទប្រកាន់ទី៣ ដាច់ដោយឡែកមួយទៀតផងដែរ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ជុំវិញការបង្ហោះសារអនឡាញ កាលពីឆ្នាំមុន ហើយនឹងត្រឡប់ទៅបង្ហាញវត្តមានក្នុងតុលាការ សាជាថ្មីនៅខែមីនា៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner