ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនឆបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីគណបក្សជាច្រើននាក់ទៀត។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រយៈពេល២ថ្ងៃនេះ នឹងមានរបៀបវារៈមួយចំនួន ដោយនៅថ្ងៃដំបូង មានពិធីបើកមហាសន្និបាតវិសាមញ្ញ ដែលថ្លែងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការអានរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចពិភាក្សាមួយចំនួន។

អ្នកនាំពាក្យរូបនេះ បន្តថា ចំណែករបៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្ស ពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងមានមតិបូកសរុប និងការណែនាំរបស់ស ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម។ ក្រោយបញ្ចប់កម្មវិធី ក៏នឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញនេះផងដែរ ។

សូមរំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មហាសន្និបាតវិសាមញនេះ ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក រហូតដល់ថ្នាក់កំពូល ដើម្បីផ្ដល់មតិទៅលើទិសដៅដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។ សម្ដេចតេជោ បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner