សមិទ្ធផលនានាក្នុងអារាមចំនួន៣ សុទ្ធសឹងជាសំណង់បុរាណនាសម័យអាណានិគមន៍ស្ថិតក្នុងក្រុងបាត់ដំបង ចំណាយថវិកាជាង ១សែន ៨ម៉ឺនដុល្លាអាមេរិក ត្រូវបានសម្ពោធឆ្លង ទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ

បាត់ដំបង៖ សមិទ្ធផលនានាក្នុងអារាមចំនួន៣ សុទ្ធសឹងជាសំណង់បុរាណ នាសម័យអាណានិគមន៍ ចំណាយថវិកាជាង ១សែន៨ម៉ឺនដុល្លាអាមេរិក រួមមាន៖ ពុទ្ធិកបឋមសិក្សាវត្តពោធិ៍វាល .សាលាឆាន់វត្តពោធិ៍វាល .កុដិលោកគ្រូចៅអធិការវត្តពោធិ៍វាល .សាលាអ៊ឹង ធួងខាងមុខ .សាលា អ៊ឹង ធួង ខាងក្រោយ .រោងភត្តវត្តពោធិ៍ក្នុង និង ព្រះវិហារវត្តអន្លង់វិល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបានជួសជុលរួចរាល់ជាស្ថាពរ ក្រោមការជួយឧបត្ថម្ភថវិកាពីសំណាក់ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានប្រារព្ធពិធីបុណ្យឆ្លងក្រោមព្រះអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវ ខៀវ ស៊ីណា មានប្រសាសន៍ថា ដោយការស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ និងចង់អភិរក្សកេរិ៍ដំណែលបុរាណ សម្រាប់ទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ បានឃើញ និងបានជាគំនិតសិក្សារៀនសូត្របន្ត លោកជំទាវ និងគ្រួសារ បានមូលមតិគ្នា ធ្វើការជួយជួសជុលអគារបុរាណទាំងនេះ ឲ្យបានល្អស្អាតឡើងវិញ ដើម្បីរួមចំណែករក្សាឲ្យបានគង់វង្ស និងដើម្បីឱ្យអគារទាំងនេះ ក្លាយជាសម្បត្តិវប្បធ៌មមានតម្លៃរបស់មនុស្សជាតិ ។

ឯកឧត្តម អ៊ូ ដារី អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកការជួយឧបត្ថម ដល់វិស័យពុទ្ធសាសនាក្នុងខេត្តបាត់ដំបងនេះ គឺជាគំរូដ៏ល្អបំផុត ដែលធ្វើឡើងប្រកបដោយសទ្ធាយ៉ាងមុតមាំ ហើយសមិទ្ធផល នៅក្នុងវិស័យនេះ មិនត្រឹមតែជួយនៅក្នុងខេត្តបាត់ដំបងតែប៉ុណ្ណោះទេ គឺឃើញស្ទើរគ្រប់ទីកន្លែង ឲ្យតែមានព្រះសង្ឃសិក្សារៀនសូត្រ ដោយបានប្រើប្រាស់នូវធនធានផ្ទាល់ខ្លួនផង និងដឹកនាំសប្បុរសជនក្នុង និងក្រៅប្រទេស ឲ្យមានឱកាសបានធ្វើសេចក្តីល្អជាមួយផងដែរ ។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានថេរៈដីការីករាយចំពោះសទ្ធាជ្រះថ្លា និងការខិតខំធ្វើការងារជាបុណ្យកុសលរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការី ចំពោះស្ថាប័នព្រះពុទ្ធសាសនា ជាពិសេស ផ្នែកពុទ្ធិកសិក្សា ដែលតាំងពីបុរាណកាលមក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស ជួយដល់ព្រះសង្ឃ ឲ្យមានឱកាសបានសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព មានអនាគតភ្លឺថ្លា អាចជួយខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គមបានតាមលទ្ធភាព និងសមត្ថភាព។

សម្ដេចមានថេរៈដីកាបន្តថា កាលសម័យបុរាណអ្នកប្រាជ្ញ បណ្ឌិត កោវិទូ និងវិទូភាគច្រើន គឺចេញពីវិស័យពុទ្ធិកសិក្សានេះ ដូចមានសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ជាឧទាហរណ៍ស្រាប់ ហើយរាល់សមិទ្ធផលរីកចម្រើននានាទាំងអស់នេះ បើគ្មានវត្តមាននៃសុខសន្តិភាពពេញលេញនៅក្នុងផ្ទៃប្រទេស ក៏មិនអាចកើតមានបានដែរ ៕ ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner