កម្ពុជា ដាក់ដំណើរការគម្រោងព្យាបាល និងថែទាំកុមារ កង្វះ អាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរក្នុងខេត្តចំនួនបី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយកង្វះ អាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា អង្គការ ហេឡែន ខេលល័រ អន្តរជាតិ គាំទ្រដោយក្រសួងសុខាភិបាល បាន ចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងព្យាបាលនិងថែទាំកុមារ កង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅ ក្នុង ខេត្តគោលដៅចំនួនបី។

ថ្លែងក្នុងសិក្ខាសាលាណែនាំគម្រោងព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៣ លោក ហ៊ូ ក្រើន នាយកអង្គការហេឡែន ខេល័រអន្តរជាតិ បានឱ្យដឹងថា គម្រោងព្យាបាលនិងថែទាំកុមារ កង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ មានរយៈ ពេល ប្រាំឆ្នាំខាងមុខ (២០២៣-២០១៧) នឹងត្រូវអនុវត្តន៍នៅក្នុង ខេត្តតាកែវ សៀមរាប និងកំពង់ឆ្នាំង។

លោកបន្តគម្រោងនេះ មានគោលបំណងសំខាន់ ដើម្បីរួមចំណែក កាត់បន្ថយកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរជាមួយក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការព្យាបាលថែទាំកុមារអាយុក្រោមប្រាំឆ្នាំ នៅខេត្ត គោលដៅទាំងបីនេះ ដែលក្នុងនោះខេត្តតាកែវមានចំនួនពីរស្រុក (ស្រុកបាទី ស្រុកដូនកែវ) ខេត្តសៀមរាបចំនួនពីរ ស្រុក (ស្រុកប្រតិ បត្តិសៀមរាប ស្រុកសូទ្រនិគម) និងខេត្តកំពង់ ឆ្នាំងចំនួនពីរស្រុក (ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៌)។

លោកបញ្ជាក់បន្ថែមថា៖«គម្រោងដែលអនុវត្តរយៈពេលប្រាំឆ្នាំនេះ សម្រាប់ឆ្នាំទី១ យើងរំពឹងថា ក្រុមគោលដៅកុមារជាងមួយ ពាន់ នាក់ នឹងទទួលបានការព្យាបាលលើកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ហើយសម្រាប់ឆ្នាំអនុវត្តន៍គម្រោងបន្តបន្ទាប់ទៀត គឺអាស្រ័យលើ ភាព ជោគជ័យនៃការអនុវត្តន៍ឆ្នាំទី១»។

នាយកអង្គការហេឡែន ខេល័រអន្តរជាតិរូបនេះ បានបញ្ជាក់ដែរថា ទោះបីជាអាហារូបត្ថម្ភសម្រាប់កុមារជាអាទិភាពសំខាន់មួយក្នុងឯកសារអភិវឌ្ឍន៍ជាតិកម្ពុជាក៏ដោយ ប៉ុន្តែគោលនយោបាយផែនការ និងកម្មវិធីមិនត្រូវបានផ្សារភ្ជាប់គ្រប់គ្រាន់ជាមួយនឹងការវិនិយោគដើម្បីទទួលបានធនធានគ្រប់គ្រាន់នោះទេ។ ជាក់ស្តែងកុមារ រហូត ៦ម៉ឺននាក់មានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ខណៈការ ព្យាបាលបានតែ១០ភាគរយប៉ុណ្ណោះ។ ហេតុនេះ តាមរយៈ គម្រោង នេះ លោករំពឹងថា នឹងជួយបង្កើនការព្យាបាលកុមារ អាយុ ក្រោម ៥ឆ្នាំ ដែលជួបបញ្ហានេះឱ្យមានភាពប្រសើរឡើង។

ពាក់ព័ន្ធនឹងដំណើរការគម្រោងខាងលើនេះដែរ លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងដែរថា តាមរយៈគម្រោងនេះ យើងនឹងផ្តោតលើការបណ្តុះបណ្តាល ជាមួយ មន្រ្តីសុខាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីឱ្យយល់ ដឹងពីការវាស់ថ្លឹងកុមារ កំណត់ពិន្ទុកុមារដែលជួបបញ្ហា អាហារូបត្ថម្ភ ដើម្បីឱ្យគាត់ចេះពិនិត្យមើលថា កុមារបែបណាត្រូវ បញ្ជូនទៅព្យាបាលថែទាំនៅមណ្ឌលសុខភាព ឬមន្ទីពេទ្យបានទាន់ ពេល។

លោកស្រីបន្តថា៖«តាមរយៈគម្រោងនេះ កុមារាអាយុក្រោមប្រាំឆ្នាំ ដែលជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ នឹងទទួលបានការព្យាបាលកង្វះអាហារូបត្ថម្ភដោយឥតគិតថ្លៃ ហេតុនេះខ្ញុំរំពឹងថា កុមារទាំងនោះ នឹងទទួលបានការព្យា បាល នៅមូលដ្ឋានសុខាភិបាលបានច្រើន ខណៈកុមារដែលមាន បញ្ហាកង្វះអាហាររូបត្ថម្ភក្នុងក្រុមគោលដៅទាំងនោះ ក៏នឹង ទទួលបានការផ្តល់នូវចំណីក្នុងស្រុកដែលធ្វើពីត្រីដែលហៅថា “Nutrix” ដើម្បីព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ មធ្យមនិងធ្ងន់ធ្ងររបស់ពួកគេផងដែរ»។

សិក្ខាសាលាខាងលើ ក៏បានបង្ហាញរបាយការណ៍បឋមនៃការ អង្កេត ប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ដែរថា កុមារកម្ពុជាប្រមាណ១០ភាគរយមានបញ្ហាស្គមស្គាំង។ នេះគឺ ជាស្ថិតិពាក់ព័ន្ធដែលអាចកាន់តែធ្ងន់ធ្ងរឡើងដោយផលប៉ះពាល់ សេដ្ឋកិច្ចសង្គមដែលកំពុងបន្តមាន ដូចជាកូវីដ១៩ និងវិបត្តិ សង្គ្រាមនៅអ៊ុយក្រែន។ បច្ចុប្បន្នដោយសារវិបត្តិទាំងនេះ គំរាម កំហែងដល់សន្តិសុខស្បៀងក្នុងគ្រួសារតាមរយ:ការកើនឡើងតម្លៃ វិបត្តិអតិផរណា និងការបាត់បង់ប្រាក់ចំណូល។
ទន្ទឹមគ្នានេះ ខណៈពេលដែលអាហារូបត្ថម្ភត្រូវបានបញ្ចូល ក្នុងបញ្ជី អាទិភាពគោលនយោបាយថវិការបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ ថវិកាត្រូវបានបែងចែកគឺគ្រប់គ្រាន់សម្រាប់ព្យាបាល ករណី កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន ៣២00 ករណីប៉ុណ្ណោះក្នុង មួយឆ្នាំ។ លើសពីនេះ ការបែងចែកនេះគឺសម្រាប់លទ្ធកម្មអាហារ ព្យាបាលកុមារមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរប៉ុណ្ណោះ ហើយមិនគ្របដណ្តប់លើការចំណាយប្រតិបត្តិការដែលត្រូវការដើម្បីបង្កើនទំហំកម្មវិធីនោះទេ។
បច្ចុប្បន្ននេះ ធនធានរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គឺអាចព្យា បាលកុមាចំនួនប្រមាណតែ១០ភាគរយនៃកុមាការដែលមានកង្វះអាហាបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរត្រូវការការសង្គ្រោះអាយុជីវិត ដែលមិនបានសម្រេចគោលដៅដែលបានកំណត់ដោយផែនការជាតិឆ្នាំ ២០១៤ គឺត្រឹមឆ្នាំ២០២០ សម្រេចឱ្យបានការពួកបាលកុមារ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ចំនួន ២៥.00នាក់ ជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ តាមរយៈសិក្ខាសាលាដែលមានការចូលរួមពីភាគី ពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានបង្ហាញក្តី រំពឹងថា តាមរយៈការដាក់ដំណើរការគម្រោងខាងលើនេះ នឹង ជួយកាត់បន្ថយកម្រិតនៃកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកម្ពុជា នាំពួកគេឱ្យមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានIQ ខ្ពស់ និងជួយកាត់បន្ថយអត្រាមរណភាពកុមារកម្ពុជាថែមទៀត៕ ដោយ៖ សែម ពិសី

ads banner