អភិបាលខេត្តកណ្ដាល អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣

អត្ថបទដោយ៖
CPA

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគម លោក លោកស្រី ក្រុមប្រឹក្សាសមាគម១១៥ និងភ្ញៀវកិត្តិយស ប្រមាណ ១៩០នាក់ផងដែរ។

លោក គង់ ឆេង ប្រធានសមាគម បានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្សព្វផ្សាយមើលវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានា ដែលសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តកណ្ដាល បានអនុវត្តកន្លងមកក្នុងឆ្នាំ២០២២ ព្រមទាំងពិនិត្យ អនុម័តលើរបាយការណ៍លទ្ធផលការងារ ផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២៣បន្ត។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចម្បងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការអនុម័តកែប្រែអត្រាប្រាក់បេសកកម្ម នីតិវិធីនៃការបង់ប្រាក់សមាជិភាព រួមទាំងការប្រមូលបញ្ហាប្រឈម សំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងស្វែងយល់ពីស្ថានភាពនៃសមត្ថភាពក្រុមប្រឹក្សាក្នុងការអនុវត្តការងារ បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរួចមក គឺជាឱកាសសម្រាប់ផ្ដល់ការបង្វឹកបន្ថែមដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់អាចអនុវត្តនៅមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕ ដោយ-រ៉ាវុធ

ads banner