ក្រសួងសាធារណការ ស្នើក្រុមហ៊ុនដែលដឹកទំនិញ ប្រភេទ ទួប៊ីន ខ្យល់ ត្រូវសិក្សាឱ្យបានល្អិតល្អន់
ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. ដែលមានបំណងដឹក ជញ្ជូនទំនិញ (ទួប៊ីនខ្យល់/Wind Power) ពីកំពង់ផែក្រុង ព្រះសីហនុ ទៅច្រកព្រំដែនត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង តាមផ្លូវល្បឿនលឿន ត្រូវរាយការណ៍សិក្សា និងពិនិត្យឱ្យ បានច្បាស់លាស់ មុននឹងដឹកជញ្ជូនទំនិញប្រភេទនេះ។
ក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. បានស្នើសុំ ក្រសួងសាធារណការដឹកជញ្ជូនទំនិញ (ទួប៊ីនខ្យល់/Wind Power) ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅច្រកព្រំដែន ត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង ដោយត្រូវឆ្លងកាត់ ផ្លូវជាតិ លេខ៤ លេខ៦, លេខ៧, លេខ៨ និងឆ្លងកាត់ស្ពានតូច ធំ ជាច្រើនផងដែរ ដែលការដឹកនេះ អាចធ្វើឱ្យប៉ះពាល់ ដល់ ហេដ្ឋា រចនាសម្ព័ន្ធផ្លូវទាំងនេះ ដែលទាមទារឱ្យត្រូវស្នើសុំនិងពិនិត្យ ឱ្យបានច្បាស់លាស់មុននឹងធ្វើការដឹកជញ្ជូន។

នៅក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុននេះកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន ឯកឧត្តម ពៅ ម៉ាលី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនពិភាក្សា ជាមួយ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនិងគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដើម្បី ពិនិត្យ ឱ្យបានច្បាស់លាស់។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនគួរពិភាក្សា និងប្រឹក្សា យោបល់ ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បី ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធនាំចូលនិងជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដើម្បីស្នើសុំធ្វើប្រតិបត្តិការដឹកជញ្ជូន លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។
លោករដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន ធ្វើលិខិត ស្នើសុំដោយបញ្ជាក់ពីព័ត៌មានលម្អិត ព្រមទាំងកិច្ចសន្យា របាយការណ៍សិក្សាស្រាវជ្រាវពីផលប៉ះពាល់ និងដំណោះស្រាយ ដាក់ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និង សម្រេច៕
ដោយ៖វណ្ណ សុជាតា