ក្រុមហ៊ុនទូរគមនាគមន៍យក្សហ្វាំងឡង់ Nokia រាយការណ៍ពីកំណើនប្រាក់ចំណេញដ៏ខ្ពស់ក្នុងឆ្នាំ ២០២២
ហែលស៊ិនគី៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានរាយការណ៍ពីកំណើនដ៏ខ្ពស់ក្នុងឆ្នាំ ២០២២ ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ខ្លួន លើសពីការរំពឹងទុករបស់ទីផ្សារ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Nokia សម្រាប់ត្រីមាសទី៤ និងពេញមួយឆ្នាំ ២០២២ បានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២២ បានកើនឡើង ១២ភាគរយ ដល់ទឹកប្រាក់ ៣.១ពាន់លានអឺរ៉ូ បើធៀបនឹងឆ្នាំ ២០២១ មានទឹកប្រាក់ ២.៨ពាន់លានអឺរ៉ូ។

កំណើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Nokia នៅក្នុងត្រីមាសទី៤ ត្រូវបានគេជឿជាក់ថា ត្រូវបានជំរុញជាចម្បងដោយតម្រូវការទីផ្សារដ៏រឹងមាំសម្រាប់បណ្តាញទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគនាគមន៍។

ជាមួយគ្នានេះ នាយកប្រតិបត្តិ Nokia លោក Pekka Lundmark បាននិយាយនៅក្នុងរបាយការណ៍មួយថា អាទិភាពជាយុទ្ធសាស្រ្តមួយរបស់យើង គឺការពង្រីកមូលដ្ឋានអតិថិជនរបស់យើង និងការរីកចម្រើននៅក្នុងសហគ្រាស ហើយខ្ញុំរីករាយដែលយើងសម្រេចបាននូវកំណើនការលក់សុទ្ធ ២១ភាគរយជារូបិយប័ណ្ណថេរ

សម្រាប់រយៈពេលពេញមួយឆ្នាំ ជាមួយនឹងកំណើន ៤៩ភាគរយនៅក្នុងត្រីមាសទី៤។ ហើយសម្រាប់ឆ្នាំ ២០២៣នេះ លោកសង្ឃឹមថា តម្រូវការនៅតែរឹងមាំ ហើយរំពឹងថា នឹងមានកំណើនមួយឆ្នាំទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

