ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញឱ្យអាជ្ញាធរគយកូរ៉េ-កម្ពុជា ពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខ សំដៅលើកកម្ពស់កិច្ចសហប្រតិបតិ្តការ និងផ្តល់កិច្ចសម្របសម្រួលបន្ថែមទៀត
(ទីក្រុងសេអ៊ូល,ប្រទេសកូរ៉េ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យអាជ្ញាធរគយកូរ៉េ ពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ សំដៅលើកកម្ពស់កិច្ចសហប្រតិបតិ្តការ និងផ្តល់កិច្ចសម្របសម្រួលបន្ថែមទៀត ក្រោយពីការពន្យារពេលមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអាជ្ញាធរគយកូរ៉េ បន្តជួយគាំទ្រកម្ពុជាតាមរយៈ កម្មវិធីបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្ត្រីកម្ពុជា ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ តបតាមការគោរពអញ្ជើញរបស់អាជ្ញាធរគយកូរ៉េ បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីអាហារការងារក្នុងទិវាគយអន្តរជាតិលើកទី៤១ ដែលរៀបចំដោយអាជ្ញាធរគយកូរ៉េ និងអញ្ជើញជួបពិភាក្សាការងារជាមួយនិង លោក YOON Taesik អតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានអជ្ញាធរគយនៃប្រទេសកូរ៉េ ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយកម្ពុជា និងអាជ្ញាធរកូរ៉េ ដែលបានជួយសម្រួលដល់សកម្មភាពនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលនឹងចូលរួមចំណែកសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទំាងពីរ។

លោក YOON Taesik ប្រធានអាជ្ញាធរគយកូរ៉េ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាពីកម្មវិធីការងារដ៏មមាញឹកចូលរួមក្នុងកម្មវិធីនេះ និងបានអនុញ្ញាតជូនលោកបានចូលជួបពិភាក្សាការងារ។ ជាមួយគ្នានេះ លោកប្រធានអាជ្ញាធរគយកូរ៉េ បានស្វាគមន៍និងគាំទ្រនូវការបង្កើនកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយនៃប្រទេសទាំងពីរ ហើយលោកបានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចការគយរវាងប្រទេសទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ លើសពីនេះទៀត លោកប្រធានអាជ្ញាធរគយកូរ៉េ ក៏បានគាំទ្រលើសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងបន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកសាងសមត្ថភាពជូនមន្ត្រីពាក់ព័ន្ធរបស់កម្ពុជា ផងដែរ៕ ង៉ាន់ ទិត្យ
