រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យពិនិត្យគុណភាពម្រេចនៅមន្ទីរ ពិសោធន៍ ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper ដែល ជា ក្រុមហ៊ុនផលិតម្រេចសរីរាង្គស្ថិតនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីខ្សែច្រវាក់នៃផលិតកម្មរាប់តាំងពីការសម្អាតរហូត ដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដារអនាម័យ និងភូតគាមអនាម័យ នៃម្រេចសរីរាង្គ និងបានជំរុញឱ្យពិនិត្យគុណភាពម្រេចនៅមន្ទីរ ពិសោធន៍ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ។

ឯកឧត្តមបានលើកឡើងថា ៖«ម្រេចសរីរាង្គខ្មែរមានការពេញ និយម មានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែម ឱ្យ កាន់តែទូលំទូលាយ ដោយបានលើកទឹកចិត្តដល់កសិករឱ្យធ្វើការ ដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាព ស្តង់ដារ ល្អដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់»។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ឱ្យយកចិត្តទុកដាក់ ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការ អនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ។

ទិន្ន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០នៅជុំវិញពិភពលោក ចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណ ៨ ៣០៣,៩២តោន ថយចុះជាង៧០ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែល ម្រេចនាំចេញបានចំនួន ២៧ ៧៣០,០៧តោន។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញម្រេចនេះ គឺដោយសារ កត្តាតម្លៃ បើប្រៀបធៀបឆ្នាំ២០២២ ទៅនឹងឆ្នាំ២០២១ ឃើញថា តម្លៃខុសគ្នាច្រើន និងកត្តាមួយទៀត ដោយសារតែសេដ្ឋកិច្ច ពិភព លោកមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលបានឱ្យ ចរាចរណ៍ នៃការដើរកំសាន្តរបស់ទេសចរក្នុងពិភពលោក ថយចុះ ហើយបើគ្មានភ្ញៀវទេសចរទេ ការបញ្ជារទិញគ្រឿងបរិភោគ ដូច ជាម្រេចជាដើម ក៏ថយទៅតាមនោះដែរ ។

លោកបានបញ្ជាក់៖« ជាធម្មតាទេ កសិករតែងតែផល ប៉ះពាល់ ហើយ នៅពេលការលក់ចេញថយចុះបែប គ្រាន់តែមិនច្រើន ពេកនោះទេ ព្រោះថាកសិករដែលស្តុកម្រេចទុកភាគច្រើន គាត់ បានយល់ដឹងច្រើន ពីវីធីសាស្រ្តនៃការគ្រប់គ្រងចំណូលចំណាយ និងអាចដោះស្រាយបានបញ្ហាចំពោះមុខ។ចំណែកកសិករមួយចំនួនតូចប៉ុណ្ណោះ ដែលមានផលប៉ះពាល់ ដោយសារបញ្ហាការបង្វិលថវិកា»។

បើតាម ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជារូបនេះ នៅមុនពេលមានវិបត្តិកូវីដ១៩ កម្ពុជាមានផ្ទៃដីដាំម្រេចសរុប មានប្រមាណ ជិត៧.០០០ហិកតា តែបច្ចុប្បន្ននេះ បានថយ ចុះប្រមាន១០ទៅ២០ភាគរយ។

លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើន សម្រាប់បំពេញ តម្រូវ ការ ការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេច ក្នុងស្រុក មាន តិចតួចប្រមាណពី៥ភាគរយទៅ៧ភាគរយ ប៉ុណ្ណោះក្នុងមួយ ឆ្នាំ បើធៀបនឹង ចំនួនម្រេចដែលផលិតបានសរុប។

សូមជម្រាបថា ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមាន ការ ដាំដុះម្រេច នៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងខេត្តកំពតជាដើម៕ ដោយ៖ វណ្ណ សុជាតា

ads banner