ប្រមុខណាតូនឹងទៅប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ
តូក្យូ៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ នឹងធ្វើដំណើរមកដល់ប្រទេសជប៉ុន នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយគាត់ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ចំពេលមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងចិន។
លោក ស្ដូលធិនបឺគ នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់គាត់នៅប្រទេសជប៉ុន។ លោក ស្ដូលធិនបឺគ ក៏ត្រូវបានគេរំពឹងដែរថា នឹងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការណាតូ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជប៉ុនផងដែរ។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក ដែលជាសមាជិកឈានមុខគេមួយរូបរបស់អង្គការណាតូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានជប៉ុន NHK ថា ដំណើរទស្សនកិច្ចរបស់លោក ស្ដូលធិនបឺគ មានគោលបំណងបន្តការងារ នៃការដោះស្រាយបញ្ហាប្រឈមឆ្លងតំបន់រួមគ្នា ក៏ដូចជាផលប្រយោជន៍សន្តិសុខ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា
