ដល់រដូវទៅលេងតំបន់រ៉ាមសារហើយ តោះទៅស្វែងយល់អំពី សហគមន៍អេកូទេសចរណ៍ល្បីៗនៅ ឦសាននៃប្រទេសកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តំបន់ដីសើមឬគេហៅថាតំបន់រ៉ាមសារ គឺជាតំបន់ដ៏មាន សក្កានុពល ផ្នែកទេសចរណ៍ធម្មជាតិ ដែលអាចហុចផលជាចំណូលមួយផ្នែកទៅដល់ ប្រជាជនដែលរស់នៅក្នុងតំបន់។បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមបួនកន្លែង ដែលមានផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ដោយមានស្ថិតនៅទី តាំង ភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី ៣ផ្សេងគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេ មេគង្គ និងតំបន់ឆ្នេរ។

អ្នកទេសចរដែលមានបំណងចង់ទៅលេងតំបន់រ៉ាមសារប៉ែកឦសាននៃប្រទេសកម្ពុជា គឺខេត្តក្រចេះ និងស្ទឹងត្រែង អាចទៅទស្សនាបាននៅក្នុង កំឡុងខែ ទឹកស្រក ពោលគឺចន្លោះខែ ធ្នូ ដល់ខែមេសា ដែលពេលវេលានេះ គឺជាពេល វេលាដ៏ល្អ និងស័ក្កិសមបំផុតដែលតំបន់រ៉ាមសារបញ្ចេញសម្រស់ខ្លួនឡើង មក។

នៅក្នុងរដូវទឹកស្រកនេះអ្នកទេសចរនឹងអាចគយគន់ខ្សាច់សក្បុស នៅតាម កូនកោះនានា ក៏ជា រដូវដែលអំណោយផលក្នុងការមើលថ្ងៃរះ និងថ្ងៃលិច។ រីឯការធ្វើដំណើរក៏មិនសូវជាមានឧបសគ្គច្រើន។ មិនសូវមានឧបសគ្គច្រើន ព្រោះនារដូវវស្សា តំបន់នេះនឹងមានទឹកជន់ជោរ មិនត្រឹមតែប៉ុណ្ណោះ វាជា តំបន់ល្បាក់ខោននៃទន្លេមេគង្គ ដែលមានកម្លាំងទឹកគួចខ្លាំង។ ម្យ៉ាងទៀតអន្លង់ជ្រៅៗ និងថ្មដុះ នៅក្នុងទឹក ក៏អាចបណ្ដាលឱ្យប៉ះពាល់ ដល់អាយុជីវិតអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។ ដោយឡែកកោះចំនួនពីរដែលអ្នកទេសចរមិនគួររំលងនោះគឺ កោះហាន និងកោះសាមសិប។ កោះហាន គឺជាតំបន់ទេសចរណ៍មួយដែលមាន ឈ្មោះ ពេញ «សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន»។

សហគមន៍នេះស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ជាសហគមន៍ ដែលមាន សក្កានុពលមួយ ក្នុងចំណោមសហគមន៍នៅតាមដងទន្លេ មេគង្គ លើ ឯទៀត។
ភ្ញៀវទេសចរដែលទៅលេងកម្សាន្ដតំបន់នេះ អាចទៅទទួលយកសេវាកម្ម របស់ សហគមន៍បងប្អូនជនជាតិភាគតិចខ្មែរ-ឡាវ ដើម្បីរួមចំណែកជួយ កសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាជនប្រមាណ៣៥ គ្រួសារនៅលើកោះ មួយនេះផង។

ភាពរួសរាយរាក់ទាក់និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ប្រជាសហគមន៍កោះហាន នឹងកាន់តែញុំាងឱ្យ អារម្មណ៍អ្នកទស្សនាមានមនោសញ្ចេតនា ដិតជាប់ ចង់ទៅកម្សាន្ដទៀតនៅពេលក្រោយ។ ក្រៅតែពីការស្វាគមន៍ដ៏កក់ក្ដៅនេះទៅ អ្នកទេសចរអាចទៅមើលថ្មដុះ ដ៏ស្រស់ ស្អាតនៅតាមច្រាំង ទន្លេ ទៅងូតទឹកត្រជាក់ស្រេបនៅក្រោមម្លប់ឈើ ព្រៃលិចទឹកដ៏ត្រឈឹងត្រឈៃ មើលថ្ងៃលិច និងពិសេសបំផុតគឺភ្លក់ រស ជាតិ អាហារតំបន់ដែលប្លែកមាត់ដូចជា ត្រីភ្លា ចែវហន(ដូចទៅនឹងស៊ុប ប៉ុន្តែប្រើ សាច់ត្រី) បុកម្ជូរត្រី និងប្រហិតត្រីស្រស់ៗដ៏មានឱជារស។

កោះដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយទៀត គឺកោះសាមសិប ក៏ជាគោលដៅ ទេសចរណ៍ដែលមិនគួរ មើលរំលងផងដែរ។ កោះសាមសិប មានចំងាយ ៩៣គីឡូម៉ែត្រពីខេត្តក្រចេះ និងជាកោះដែលល្បី ឈ្មោះខាងសត្វព្រៃ និងសត្វស្លាប។

សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាបណ្ដុំកោះតូចៗដែល សណ្ដូកប្របទៅនឹងផ្ទៃទឹក ហើយវាលេចរូបរាងឡើងនៅពេល ដែលទឹក ទន្លេស្រកចុះ។ ក្នុងការធ្វើដំណើរទៅកោះសាមសិប អ្នកទេសចរត្រូវ ជិះទូកបញ្ច្រាសទឹកជាច្រើនម៉ោង ប៉ុន្តែទស្សនីយភាពនៃកោះមួយនេះ នឹងបំពេរអារម្មណ៍អ្នកជិះទូក មិនឱ្យមានអារម្មណ៍ថាយូរឡើយ។

សហគមន៍នេះសម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទដែលជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាត ត្រយងចង្កំកស ព្រមទាំងសត្វស្លាបរាប់រយ ប្រភេទ ផ្សេងទៀត។ ភ្ញៀវទេសចរអាចសម្រាកលំហែកាយដោយមានសំឡេងសត្វស្លាបយំបំពេរ និងគយគន់ថ្ងៃលិច ដ៏ស្រស់ស្អាត។

ក្រៅតែពីការបោះតង់សម្រាកលើឆ្នេរខ្សាច់ទៅសហគមន៍ក៏មានសេវាកម្មជូនភ្ញៀវ ដើរថ្មើរជើងនៅតាមព្រៃរបោះផងដែរ។ ក្នុងការដើរថ្មើរជើងនេះ ភ្ញៀវ ទេសចរអាចប្រទះឃើញសត្វ ស្លាបជាច្រើន ដោយរួមទាំងសត្វត្រយងយក្ស សត្វត្រដក់ និងសត្វក្ងោក ដែលសុទ្ធសឹងតែជាប្រភេទសត្វកម្រ។

ការ ទៅ លេងកម្សាន្ដនៅតំបន់ទាំងនេះ មិនត្រឹមតែជាការជួយដល់សេដ្ឋកិច្ច សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយរក្សាព្រៃឈរ និងទប់ស្កាត់ បទល្មើស នេសាទត្រីខុសច្បាប់ផងដែរ។ ជាក់ស្ដែង មុនពេលដែលសហគមន៍ ទេសចរណ៍ ត្រូវបានបង្កើតឡើង តំបន់ទាំងនេះសុទ្ធតែជាតំបន់សកម្មនៃ ការប្រព្រឹត្តបទល្មើសនានា៕
ដោយ៖កែវ បុស្បា

ads banner