ប្រមុខការទូតអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ចំពេលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនផ្ទុះឡើង

គែរ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅពេលចាប់ផ្តើមបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ជាទីដែលគាត់ត្រូវបានគេរំពឹងថា នឹងព្យាយាមកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីផ្ទុះអំពើហិង្សា។

លោក ប្លីងគែន ដែលនឹងធ្វើដំណើរទស្សនកិច្ចពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះទៅកាន់ទីក្រុងហ្សេរុយសាឡឹម និងរ៉ាម៉ាឡា បន្ទាប់ពីឈប់សម្រាកនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំគម្រោងធ្វើដំណើរទស្សនៈកិច្ចនេះជាយូរមកហើយ ដើម្បីជួបរដ្ឋាភិបាលស្តាំនិយមថ្មីរបស់អ៊ីស្រាអែល ប៉ុន្តែការធ្វើដំណើរនេះធ្វើឡើងជាបន្ទាន់ថ្មីមួយ បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

ប្រភពបានឱ្យដឹងថា លោក ប្លីងគែន នឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និងមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ ហើយអំពាវនាវឱ្យទូលំទូលាយសម្រាប់វិធានការនានាដើម្បីកាត់បន្ថយភាពតានតឹង។

គួរបញ្ជាក់ផងដែរថា អំពើហិង្សារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនក៏ទំនងជាមាននៅក្នុងកិច្ចពិភាក្សាក្នុងថ្ងៃចន្ទសប្តាហ៍នេះ រវាងលោក ប្លីងគែន និងប្រធានាធិបតីអេហ្ស៊ីប លោក អាឌែល ហ្វាតា អាល់ស៊ីស៊ី ផងដែរ ដោយជាប្រពៃណី ប្រទេសរបស់គាត់ជាអ្នកដើរតួសម្របសម្រួលវិបត្តិនៅមជ្ឈិមបូព៌ា បានជួយគាត់ឱ្យនៅតែជាដៃគូសំខាន់របស់សហរដ្ឋអាមេរិក បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន រិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់គាត់ក៏ដោយ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner