ហ្វីលីពីនគ្រោងនឹងផ្តល់ការបង្វិលសង ពន្ធ VAT ដល់ទេសចរបរទេស

ម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងនឹងផ្តល់ការបង្វិលសងពន្ធលើតម្លៃបន្ថែម (VAT) ដល់ភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៤។

ការិយាល័យទំនាក់ទំនងរបស់ ប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos) បានអនុម័តកម្មវិធីបង់ពន្ធតម្លៃបន្ថែម (VAT) សម្រាប់ភ្ញៀវទេសចរបរទេសនៅឆ្នាំ ២០២៤ ដើម្បីទាក់ទាញអ្នកទស្សនាកាន់តែច្រើន។

រដ្ឋាភិបាលប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ១២% លើទំនិញប្រើប្រាស់ ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយផែនការនេះគឺដើម្បីអនុញ្ញាតឱ្យជនបរទេសទទួលបានប្រាក់សំណងពន្ធលើតម្លៃបន្ថែម (VAT) លើទំនិញដែលពួកគាត់យកចេញពីប្រទេសហ្វីលីពីន ស្រដៀងទៅនឹងអ្វីដែលប្រទេសជាច្រើនទៀតផ្តល់ជូន។

ការិយាល័យបានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា វិធានការនេះគឺស្ថិតក្នុងចំណោមសំណើដែលក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកឯកជនដែលបានបង្ហាញដល់លោក លោកម៉ាកូស នាពេលថ្មីៗនេះ ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍ រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ និងប្រតិបត្តិការ និងការលើកកម្ពស់ការវិនិយោគទេសចរណ៍។

លោក ម៉ាកូស ក៏បានយល់ព្រមលើការដាក់ឱ្យដំណើរការទិដ្ឋាការ តាមអនឡាញ នៅឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុនផងដែរ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner