រោងចក្រផលិតសព្វាវុធអ៊ីរ៉ង់រងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក

តេហេរ៉ង់៖ រោងចក្រឧស្សាហកម្មយោធារបស់អ៊ីរ៉ង់មួយកន្លែងនៅជិត ទីក្រុង អ៊ីហ្វាហាន(Isfahan) បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកដែលមិនស្គាល់អត្តសញ្ញាណ ដោយបានបំផ្ទុះ បង្កើតជាសម្លេងយ៉ាង ខ្លាំង បង្កការភ្ញាក់ផ្អើលដល់ក្រុមទាហានអ៊ីរ៉ង់ និងសាធារណជនដែលកំពុង ស្ថិតនៅជុំវិញបរិវេណនោះ។ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣។

គេមិនទាន់ឃើញមានភាគីណាមួយចេញមកអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះមួយនេះនោះទេ។ ហេតុការណ៍នេះបានកើតឡើងចំពេល កំពុង មានភាពតានតឹងជាមួយលោកខាងលិច ជុំវិញសកម្មភាពផលិត នុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការផ្គត់ផ្គង់អាវុធដល់ប្រទេស រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក៏ដូចជាបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ជាច្រើនខែមកហើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា ការវាយប្រហារដ៏កម្សាកមួយនេះ គឺមានគោលបំណងបង្កអសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងការពារជាតិអ៊ីរ៉ង់បានប្រកាសថា ការផ្ទុះនេះបណ្តាលឱ្យខូចខាត តិចតួចប៉ុណ្ណោះ ហើយមិនមានអ្នករងរបួសនោះទេ។ចំណែកទំហំនៃការខូចខាតមិនទាន់អាចបញ្ជាក់បានជាក់លាក់នៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា «ទង្វើ បែបនេះនឹងមិនអាចមានឥទ្ធិពល ប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់អ្នក ជំនាញរបស់យើងក្នុងដំណើរការការងារផលិតនុយក្លេអ៊ែរប្រកបដោយសន្តិភាពរបស់យើងនោះទេ»។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបង្ហាញពីពន្លឺភ្លើង ផ្ទុះយ៉ាងខ្លាំងនៅលើរោងចក្រដែលទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយឈ្មោះថា IRNA ពិពណ៌នាថា វាជារោងចក្រផលិតគ្រាប់រំសេវ។ វីដេអូក៏បានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យដែល កំពុង ស្ថិត នៅខាងក្រៅអគារនោះផងដែរ។

ដោយឡែកក្រសួងការពារជាតិបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «កាលពីម៉ោងប្រហែលជា ១១ និង ៣០ នាទីយប់ថ្ងៃសៅរ៍ ការវាយប្រហារមិនបានសម្រេចមួយត្រូវបានធ្វើឡើង ដោយបានប្រើប្រាស់ដ្រូនខ្នាតតូចប៉ុន្មានគ្រឿង ហោះសំដៅទៅបុកបំផ្ទុះ កន្លែង សិក្ខាសាលាមួយរបស់ក្រសួងការពារជាតិ»។

ក្រសួងការពារជាតិបានបន្តថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ ហើយពីរគ្រឿងទៀតត្រូវបានជាប់នៅក្នុងអន្ទាក់ការពារ ហើយក៏បានផ្ទុះឡើង។ វាបណ្តាលឱ្យខូចខាតតិចតួចដល់ដំបូលអគារ សិក្ខាសាលា និងមិនមានអ្នករងរបួសនោះទេ»។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «ការវាយប្រហារនេះមិន បាន ប៉ះពាល់ដល់ការដំឡើង និងបេសកកម្មរបស់យើងទេហើយវិធានវាយ ប្រហារ ដោយដ្រូននេះ នឹងមិនមានឥទ្ធិពលលើការបន្តនៃវឌ្ឍនភាពរបស់ ប្រទេសយើងនោះទេ»។ ទោះជាយ៉ាងនេះក្ដី កាលពីព្រឹកថ្ងៃអាទិត្យ សារព័ត៌មាន IRNA បានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះរោងចក្រ ប្រេងម៉ាស៊ីនមួយកន្លែង ក្នុងតំបន់ឧស្សាហកម្មក្បែរទីក្រុងតាប៊្រីស្ស (Tabriz) ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់។ យ៉ាងណាក៏ដោយ គេមិនទាន់បានទទួល ព័ត៌មានអំពីមូលហេតុនៃការឆាបឆេះនោះទេ។

កន្លងមក សាធារណរដ្ឋឥស្លាមមួយនេះ បានចោទប្រកាន់ប្រទេស អ៊ីស្រាអែល ដែលជាសត្រូវចាស់របស់ខ្លួន ពីបទរៀបចំផែនការវាយប្រហារ ដោយប្រើប្រាស់ភ្នាក់ងារដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ស្រាប់។ កាលពីខែកក្កដា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានលើកឡើងថា ខ្លួនបាន ចាប់ខ្លួនក្រុមដែលដើររៀបគម្រោងការបំផ្លិចបំផ្លាញ ដែលក្រុមនេះ បង្កើតឡើងដោយពួកសកម្មប្រយុទ្ធឃឺដ (Kurdish) ដែលធ្វើការឱ្យ ប្រទេសអ៊ីស្រាអែល និងដែលគ្រោងនឹងបំផ្ទុះមជ្ឈមណ្ឌលឧស្សាហកម្ម ការពារជាតិនៅទីក្រុងអ៊ីហ្វាអាន។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបដិសេធភ្លាមៗ នៅពេលដែលអ្នក កាសែត សាកសួរ ថាតើអ៊ីស្រាអែលមានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ចុងក្រោយនេះដែរឬទេ។ យ៉ាងណាមិញ កន្លងមក អ៊ីស្រាអែលតែងតែ បានលើកឡើងថា ខ្លួនអាចនឹងវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការប្រើប្រាស់ យុទ្ធសាស្ត្រការទូតបរាជ័យក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ ឬមីស៊ីលផ្លោង របស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើ ឧប្បត្តិហេតុណាមួយជាក់លាក់នោះឡើយ។

នៅក្នុងប្រទេសអ៊ុយក្រែនវិញអ៊ុយក្រែនបានចោទប្រកាន់អ៊ីរ៉ង់ថាបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដល់រុស្ស៊ី ដើម្បីវាយប្រហារទៅ លើគោលដៅដែលជាតំបន់ជនស៊ីវិល រស់នៅតាមទីក្រុងនានារបស់អ៊ុយក្រែន នេះបើយោងតាមលោក Mykhailo Podolyak ដែលជាជំនួយការ ជាន់ខ្ពស់ របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskiy) បានលើកឡើងដោយភ្ជាប់ឧប្បត្តិហេតុខាងលើនេះ ដោយ ផ្ទាល់ទៅនឹងស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន។

ជំនួយការជាន់ខ្ពស់រូបនេះបានសរសេរនៅលើបណ្ដាញ Twitter ថា «ភាពជាក់ស្ដែងនៃសង្គ្រាមគឺមិនអាចមើលស្រាលនោះទេ និងមានគ្រោះ ថ្នាក់ខ្លាំងណាស់។ វាតែងតែងតបស្នងទៅលើអ្នកដែលបង្កសង្គ្រាម និងអ្នកសមគំនិត។ការបំផ្ទុះនៅអ៊ីរ៉ង់ទៅលើរោងចក្រផលិត យន្តហោះ គ្មានមនុស្សបើក និងផលិតមីស៊ីល ក៏ដូចជារោងចក្រចម្រាញ់ប្រេងផ្សេងៗ គឺជាកា រព្រមានអ្នកហើយ»។

គួរដឹងដែរថា កន្លែងផលិតនុយក្លេអ៊ែរអ៊ីរ៉ង់ជាច្រើនមានទីតាំងស្ថិត នៅក្នុងខេត្តអ៊ីហ្វាហាន និងខេត្ដណាតាន្ស (Natanz) ដែលជា ចំណុចកណ្តាលនៃកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបំផ្លិចបំផ្លាញកាលឆ្នាំ ២០២១។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្ទុះ និងការឆេះជាច្រើន នៅជុំវិញទីតាំងយោធា ទីតាំងនុយក្លេអ៊ែរ និងរោងចក្រឧស្សាហកម្មអ៊ីរ៉ង់។

គួររម្លឹកថា កិច្ចចរចារវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកក្នុង ការស្តារ ឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានជាប់គាំងចាប់តាំងពី ខែកញ្ញាឆ្នាំ២០២២ មក។ ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេអេរ៉ង់បាន យល់ព្រមកាត់បន្ថយការផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាសារធាតុដែលអាចយកទៅផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកដំណើរការ ដោយសារការដកខ្លួន ចេញដោយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំ របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ដោយឡែក ចំពោះបញ្ហាដ្រូនវិញ អ៊ីរ៉ង់បានទទួលស្គាល់ថាខ្លួនបានបញ្ជូន យន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ប៉ុន្តែបានបញ្ជូនមុនការឈ្លានពាន របស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែនកាលពីឆ្នាំមុនទៅទៀត។ រីឯទីក្រុងមូស្គូវិញ បានបដិសេធដែលថាកងយោធារបស់ខ្លួនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បើទោះបីជាដ្រូន ជាច្រើនត្រូវបានបាញ់ទម្លាក់ និងរកឃើញថាជាដ្រូនដែលផលិតដោយ ប្រទេសអ៊ីរ៉ង់ក៏ដោយ។

គួរដឹងដែរថា អ៊ីរ៉ង់ក៏កំពុងប្រឈមមុខនឹងភាពវឹកវរផ្ទៃក្នុងអស់រយៈពេល ជាច្រើនខែមកនេះ ដោយត្រូវតស៊ូបង្រ្កាបលើចលនាបាតុកម្មប្រឆាំងរដ្ឋា ភិបាលអ៊ីរ៉ង់ដែលកំពុងកើតមាននៅទូទាំងប្រទេស។ ចលនាបាតុកម្មនេះ ត្រូវបានផ្ដើមឡើងពីការស្លាប់របស់ស្ត្រីម្នាក់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ ពីនាងត្រូវបានឃុំខ្លួនពីបទរំលោភលើច្បាប់សំលៀកបំពាក់អ៊ីស្លាមដ៏តឹងរឹងរបស់ប្រទេសអ៊ីរ៉ង់៕
ដោយ៖ធា សុខណា

អត្ថបទ៖ ធា សុណា
ប្រភព៖ Israel appears to have been behind drone strike on Iran factory, U.S. official says

ads banner