ប្រមុខណាតូអំពាវនាវឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន

សេអ៊ូល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ នៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ហើយបានគូសបញ្ជាក់ថា ប្រទេសដទៃជាច្រើនបានផ្លាស់ប្ដូរគោលនយោបាយរបស់ពួកគេ ក្នុងការមិននាំចេញសព្វាវុធទៅកាន់ប្រទេសមានជម្លោះ។

កំលុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ស្ដូលធិនបឺគ បាននិយាយថា បណ្តាប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ និងន័រវេស ដែលប្រកាន់គោលនយោបាយជាយូរមកហើយ ក្នុងការមិនបញ្ជូនសព្វាវុធដល់ប្រទេសមានជម្លោះនោះ ឥឡូវនេះពួកគេបានផ្លាស់ប្តូរវិញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

លោក ស្ដូលធិនបឺគ បានសង្កត់ធ្ងន់ទៀតថា វានៅមិនទាន់ច្បាស់ថាតើនៅពេលសង្គ្រាមនៅអ៊ុយក្រែននឹងបិទបញ្ចប់នោះទេ ហើយថា លោក ពូទីន បាននិងកំពុងរៀបចំផែនការធ្វើសង្គ្រាមបន្ថែមទៀត ហើយនាំចូលសព្វាវុធយ៉ាងសកម្មពីបណ្តាប្រទេសមួយចំនួន រួមទាំងកូរ៉េខាងជើង។ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានច្រានចោលការបញ្ជូនអាវុធទៅឱ្យទីក្រុងមូស្គូ។

លោក ស្ដូលធិនបឺគ កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌនៃការឈប់សំចតដំបូង ក្នុងដំណើរទស្សនកិច្ចមួយដែលរួមបញ្ចូលទាំងប្រទេសជប៉ុនផងដែរ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងជាមួយចិន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner