ម្ចាស់អាជីវកម្ម ៥រូប រៀបចំសិក្ខាសាលាស្តីពី “ការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យា” ដើម្បីផ្ដល់បទពិសោធន៍ និងចំណេះដឹងពីការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ដល់យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋ

ភ្នំពេញ៖ វាគ្មិនចំនួន ៥រូប ដែលជំនាញផ្នែកអាជីវកម្មក្នុងសម័យបច្ចេកវិទ្យាឌីជីថល បានសហការគ្នារៀបចំសិក្ខាសាលាមួយ ស្ដីពីការធ្វើអាជីវកម្មក្នុងសម័យបច្ចេកវិទ្យា ជូនដល់យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

នៅក្នុងសិក្ខាសាលានេះមានការធ្វើបទបង្ហាញស្តីពី សណ្តាញសង្គម និងឌីជីថល ម៉ាឃីធីង ដោយ វាគ្មិនលោក ប្រង់ ដេវីត គ្រូបណ្តុះបណ្តាល ជំនាញផ្នែកឌីជីថល ម៉ាឃីធីង។ បទបង្ហាញស្តីពី ពាណិជ្ជកម្មអេឡិចត្រូនិក និងការប្រើប្រាស់ឧបករណ៍ជំនួយ ដោយវាគ្មិន លោក ឯម ឬទ្ធី ស្ថាបនិក នៃក្រុមហ៊ុន អាយ អ៊ី បាយ។ បទបង្ហាញស្តីពី ការយល់ដឹងពីបច្ចេកវិទ្យាពន្ធដារ និងគណនេយ្យ ដោយវាគ្មិន លោក បណ្ឌិត គិត ចាន់ថង នាយកប្រតិបត្តិ នៃក្រុមហ៊ុន សូតា ប្រ៊ីហ្វេសិនណល។ បទបង្ហាញស្តីពីការយល់ដឹងពីបច្ចេកវិទ្យាអចលនទ្រព្យ ដោយវាគ្មិន លោក ចេង វុទ្ធី នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យអ៊ីនវ៉ា និងបទបង្ហាញស្តីពីឱកាសធ្វើជាដៃគូអាជីវកម្ម ដោយមិនចាំបាច់ប្រើដើមទុនផ្ទាល់ខ្លួន ដោយវាគ្មិន លោក ហួត សុខា នាយកប្រតិបត្តិ នៃក្រុមហ៊ុន Classy Infinity ។

លោក ប្រង់ ដេវីត គ្រូបណ្តុះបណ្តាល ជំនាញផ្នែកឌីជីថល ម៉ាឃីធីង បានថ្លែងថា សិកាសាលាដែលធ្វើឡើងនៅពេលនេះគឺដើម្បីជាការចែករំលែកដល់ប្រជាជនយើងដែលរកស៊ីតាមលក្ខណៈគ្រួសារឲ្យមានការផ្លាស់ប្ដូរមកជាការលក់ដូរតាមប្រព័ន្ធឌីជីថល ដើម្បីឲ្យអាជីវកម្មរបស់គាត់រីកចម្រើននិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចឬក៏ទីផ្សាររបស់ពួកគាត់កាន់តែប្រសើរឡើង ក្នុងនោះយើងក៏បានប្រើប្រាស់ app មួយ ដែលបង្កើតឡើងដោយកូនខ្មែរយើង គឺ app iebuy ដើម្បីឲ្យប្រជាជនយើងប្រើសម្រាប់ធ្វើការលក់ ធ្វើទីផ្សារ ធ្វើការផ្សព្វផ្សាយ ការលេងបណ្ដាញសង្គម ការធ្វើ Content Video ផ្សេងៗតាមប្រព័ន្ធឌីជីថល ឲ្យទាន់សម័យបច្ចេកវិទ្យានេះផងដែរ។

លោក ចេង វុទ្ធី នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យអ៊ីនវ៉ា បានលើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះពិតជាសំខាន់ព្រោះថា យើងបានឃើញប្អូនៗជានិស្សិត ជាយុវជនបានចូលរួមច្រើន ដែលសិក្ខាសាលានេះ ក៏បានជួយតម្រង់ទិសមួយ ហើយក៏ជាការចាប់ផ្ដើមសម្រាប់ពួកគាត់ និងជាឱកាសសម្រាប់ ពួកគាត់អាចដឹងថា តើនៅពេលបច្ចុប្បន្ននេះ មានទីផ្សារអ្វីខ្លះសម្រាប់ធ្វើអាជីវកម្ម, តើមានទីផ្សារអ្វីខ្លះសម្រាប់ការងារ ក្នុងយុគសម័យនៃប្រព័ន្ធឌីជីថលនេះ ។
សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានលើកឡើងដែរថា សិក្ខាសាលានេះ បានរៀបចំឡើងពិតជាល្អ ព្រោះវាបានផ្ដល់នូវចំណេះដឹងទាក់ទងនឹងការធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងជាការធ្វើអាជីវកម្មដោយខ្លួនឯងផ្ទាល់ ក្នុងពេលដែលយើងកំពុងសិក្សាផងដែរ ។

ពលរដ្ឋមួយរូបមកពីខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា សិក្ខាសាលានៅពេលនេះមានសារៈសំខាន់ ដែលអាចជួយយើងបានច្រើនទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ដែលជាការលក់តាមអនឡាញ ដោយមិនចាំបាច់មានហាងផ្ទាល់ ។ ជាមួយគ្នានេះ លោកបានបង្ហាញពីមោទនភាពចំពោះកូនខ្មែរយើង ដែលបានបង្កើត អេប មួយ គឺ អេប អាយ អ៊ី បាយ ដែលជាសមិទ្ធផលថ្មីលើវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា អេប អាយ អ៊ី បាយ គឺជាសមិទ្ធផលថ្មីមួយលើវិស័យបច្ចេកវិទ្យាដែលកូនខ្មែរបានធ្វើឡើង ហើយនេះក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមក យើងធ្លាប់តែប្រើប្រាស់របស់បរទេស តែពេលនេះ កូនខ្មែរយើងអាចបង្កើតបាន ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នា ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner