AVIVoice Ep110: ខួបលើកទី៧០ និងការរំពឹងទុកនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស

ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានចាប់ចំណងមិត្តភាពគ្នាអស់រយៈពេល៧ទសវត្សន៍រួចមកហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ សមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងពេល៧០ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និត និងស៊ីជម្រៅ ក៏ដូចជាបាននៃឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនៃទំនាក់ទំនងមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ឈួន វណ្ណដាសម្បត្តិ បានរៀបរាប់អំពីសាវតានៃទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេស និងសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំមកនេះ។

សំណួរទី១៖ នៅឆ្នាំ​ ២០២៣ គឺជាឆ្នាំនៃការគំរប់ខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។​​ ជាបឋម ខ្ញុំអាចសុំឲ្យលោកជួយរំលេចត្រួសៗ អំពីសាវតានៃប្រទេសទាំង ២ កន្លងមកនៅក្នុងរយៈពេល ៧០ ឆ្នាំ ហើយតើប្រទេសទាំង ២ មាននូវអនុស្សាវរីយ៍ ក៏ដូចជាសម្រេចបាននូវអ្វីខ្លះនៃទំនាក់ទំនងរបស់ខ្លួនដែលគួរឲ្យកត់សម្គាល់?

លោក ឈួន វណ្ណដាសម្បត្តិ៖ តាមរយៈការសិក្សាស្រាវជ្រាវ និងពិនិត្យទៅលើនិក្ខេបបទរបស់ខ្ញុំ ទំនាក់ទំនងការទូតកម្ពុជា និងអង់គ្លេសបានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥៣ ដែលមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៧ ទសវត្សន៍ ឬ អាចកំណត់បានថាឆ្នាំនេះគឺជាគំរប់ខួបលើកទី ៧០ នៃចំណងការទូតព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ នៅក្នុងរយៈពេល ៧ ទសវត្សន៍ កន្លងមក យើងអាចសង្កេតបានថា​ ទំនាក់ទំនងនៃប្រទេសទាំង២ មានភាពចុះឡើង ស្មុគស្មាញ និងមិនមែនកាត់ផ្តាច់ពីបំណងនោះទេ។

មូលហេតុដែលខ្ញុំនិយាយបែបនេះគឺ ប្រសិនបើយើងក្រឡេកទៅមើលសាវតាកម្ពុជា និងអង់គ្លេស នៅជំហានដំបូងនាអំឡុងឆ្នាំ ១៩៥០ រហូតដល់ឆ្នាំ ១៩៥៩ គឺប្រទេសទាំង២ មានភាពត្រួតស៊ីគ្នាលើកិច្ចការមួយចំនួន ជាពិសេសទៅលើគោលដៅវែងឆ្ងាយនៃព្រះបាទនរោត្តមសីហនុ ដែលជាព្រះប្រមុខរដ្ឋនាពេលនោះ និងគោលបំណងរបស់ចក្រភពអង់គ្លេសទៅលើអព្យាក្រឹតភាពរបស់ កម្ពុជា។ ក្រោយមក ចាប់ពីឆ្នាំ ១៩៦០ ទៅដល់ឆ្នាំ ១៩៨៩ ទំនាក់ទំនងរបស់ប្រទេសទាំង២ បានជួបបញ្ហា និងភាពស្មុគស្មាញ។ អនុញ្ញាតឲ្យខ្ញុំបានបកស្រាយបន្ថែមទៀតទៅលើចំណុចមួយនេះថា តើមាននូវភាពស្មុគស្មាញអ្វីខ្លះ? នោះគឺកើតឡើងនៅពេលដែលកងទ័ពកម្ពុជារងឥទ្ធិពលនៃសង្គ្រាម ត្រជាក់ រវាងលទ្ធិធំចំនួនពីរ និងការប្រកួតប្រជែងមហាអំណាចនៃសម័យកាលនោះ ស្របពេលដែលចក្រភពអង់គ្លេសជួបប្រទះនូវបញ្ហាក្នុងការសម្របសម្រួលខ្លួន និងស្ទាក់ស្ទើរនៅក្នុងការ ទទួលតួនាទី ការពោលដោះស្រាយ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន​ផងដែរ។

រហូតដល់ឆ្នាំ ១៩៧៥ ខ្មែរក្រហមក៏បានចូលកាន់កាប់ភាគច្រើននៃប្រទេសកម្ពុជា ហើយស្ថានទូតអង់គ្លេសក៏ត្រូវបានសម្រេច ចិត្តបិទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៧៥។ ឥឡូវនេះ គឺយើងចូលមកដល់ចំណុចគួរឲ្យចាប់អារម្មណ៍មួយ ដែលខ្ញុំបានលើកឡើងពីខាងលើ គឺទំនាក់ទំនងរួមរបស់ចក្រភពអង់គ្លេស និងកម្ពុជា មានមានភាពចុះឡើង ស្មុគស្មាញ និងមិនមែនកាត់ផ្តាច់ពីបំណងនោះទេ​ (Not Intentionally Cut-Off)។ ក្រោយមកនៅក្នុងឆ្នាំ ១៩៧៩ កម្ពុជា និងចក្រភពអង់គ្លេសឈានទៅកាន់សម័យកាលមួយដែលពុំ មានទំនាក់ទំនងការទូតជាផ្លូវការ ក្រោយពីលោកស្រីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher សម្រេចចិត្តដកការទទួលស្គាល់របបប្រល័យពូជសាសន៍ខ្មែរក្រហមនាពេសសម័យកាលនោះ។ ទោះបីជា ចំណងការទូតផ្លូវការត្រូវបានដកចេញ តែទំនាក់ទំនងក្រៅផ្លូវការនៅតែបំពេញសកម្មភាពសំខាន់មួយ ដើម្បីដោះស្រាយ និងស្វែងរកផ្លូវទៅកាន់ដំណោះស្រាយនយោបាយទូលំទូលាយនៅកម្ពុជា ក៏ដូចជាកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

គ្រប់យ៉ាង ពេលវេលាដ៏ស្មុគស្មាញ ចាប់ផ្តើមមានភាពល្អប្រសើរនៅឆ្នាំ ១៩៩១ នៅពេលដែលចក្រភពអង់គ្លេសបានដាក់បេសកកម្មរបស់ខ្លួន មកវិញក្និងប្រទេសកម្ពុជា ហើយក្រោយមកការបើកដំណើរការឡើងវិញរបស់ស្ថានទូតអង់គ្លេសក្នុងឆ្នាំ ១៩៩៣។ ក្នុងកំឡុងពេលបន្ទាប់ឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៩ ចក្រភពអង់គ្លេសក៏បានជួយគាំទ្រជាច្រើន ដល់ជំនួយមនុស្សធម៌ គម្រោងមូលដ្ឋាន កម្មវិធីផ្លាស់ប្តូរទីលំនៅរបស់ UNHCR, កម្មវិធីសុខភាព ទាក់ទង ពីការបង្ហាត់បង្រៀនភាសាអង់គ្លេស និងការផ្គត់ផ្គង់ប្រព័ន្ធទឹកនៅតាមជនបទ។ ខ្ញុំបាទសុំលើកឡើងបន្តិច ទៀតថា កម្ពុជាក៏បានបើកដំណើរការស្ថានទូតរបស់ខ្លួនប្រចាំនៅចក្រភពអង់គ្លេសវិញ នៅទីក្រុង London នៅឆ្នាំ ២០០៤ ក្រោយពីបានបិទនៅក្នុងឆ្នាំ​ ១៩៧៥។

ដោយសង្ខេបឲ្យខ្លីបន្តិចទៅ មកដល់ពេលបច្ចុប្បន្ន កម្ពុជា និងអង់គ្លេសបានកំពុងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទៅលើច្រើនវិស័យរួមមាន អភិបាលកិច្ចល្អ បរិស្ថានប្រជាធិបតេយ្យ សិទ្ធិមនុស្ស សុខាភិបាល ការស្ម័គ្រចិត្ត វិទ្យាសាស្ត្រ វិស័យអប់រំ ការគាំពារកុមារ និងជំរុញស្រ្តីក្នុងវិស័យសហគ្រិនភាព ការដោះមីន ក៏ដូចជាការដោះស្រាយនូវបញ្ហា យុត្តិធម៌ផងដែរ។ ចំណែកឯទំហំនៃពាណិជ្ជកម្មសរុបនា ១០ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១២ ដល់ ត្រីមាសទី៣ នៃឆ្នាំ២០២១ កម្ពុជា និងអង់គ្លេសមានពាណិជ្ជកម្មសរុបរហូតដល់ ៧.៩ ពាន់លានផោន ស្មើនឹង ១០ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ បន្ថែំពីនេះ កាលពីឆ្នាំទៅនៅពេលដែលកម្ពុជាគឺជា ប្រធានប្តូរវេនអាស៊ាន ចក្រភពអង់គ្លេសក៏បានបង្ហាញពីការគាំទ្រមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងភាព ជាអាស៊ានផងដែរ។ នេះគឺជាការលើកឡើងបង្ហាញត្រួសៗពីសមិទ្ធិផលដែលកម្ពុជា និងអង់គ្លេសបាន កំពុងធ្វើ ក៏ដូចជាបានធ្វើឡើងនៅក្នុងរយៈពេល ៧០ ឆ្នាំកនលងទៅ។

សំណួរទី២៖ នៅក្នុងឆ្នាំនេះផងដែរសម្រាប់ជាការអបអរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំង២ តើរដ្ឋាភិបាលលោកបានរៀបចំអ្វីខ្លះ ដើម្បីជាការប្រារព្ធពិធីក្នុងឆ្នាំនេះ?

លោក ឈួន វណ្ណដាសម្បត្តិ៖ សម្រាប់ជាការអបអរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតតវាងប្រទេស ទាំង២ រដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃចក្រពពអង់គ្លេស បាននិងកំពុងជជែកទៅលើ ភាពអាចទៅរួចក្នុងការរៀបចំព្រឹត្តិការណ៍មួយចំនួនដែលជួយជំរុញដល់ទំនាក់ទំនងទ្វេភាគី ហើយបើ យោងទោតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៣ លោកនឹងបន្ថែមនូវព្រឹត្តិការណ៍មួយចំនួនដែលអាចជាព្រឹត្តិការណ៍នៃការបង្ហាញភាពអស្ចារ្យ ដែលកម្ពុជា និងអង់គ្លេសបានឈានទៅរកអាយុកាលមួយដ៏យូរ ដើម្បីធ្វើយ៉ាងណាពង្រឹងចំណងទ្វេភាគី ក៏ដូចជាបង្កើនការយល់ដឹង និងបង្កើនទំនាក់ទំនងល្អជាមួយគ្នារវាងប្រជាពលរដ្ឋ ក៏ដូចជាចំណងសេដ្ឋកិច្ច នយោបាយ និងសន្តសុខផងដែរ។

សំណួរទី៣៖ នៅក្នុងឪកាសដ៏សំខាន់នេះផងដែរ នៃការបង្កើតនូវទំនាក់ទំនងការទូតអស់រយៈពេលជាង ៧ ទសវត្សន៍មក តើយើងអាចរំពឹងថាទាំងកម្ពុជា ក៏ដូចជាចក្រភពអង់គ្លេសនឹងពង្រឹង នូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពស៊ីជម្រៅយ៉ាងដូចម្តេច នាពេលអនាគត?

លោក ឈួន វណ្ណដាសម្បត្តិ៖ ដោយសារតែយើងឈានទៅដល់ពេល ៧០ឆ្នាំ ហើយក្នុងឆ្នាំនេះ ហើយវាជាឪកាសដ៏សំខាន់ ព្រោះថាមិនមែនជារឿងងាយទេក្នុងការរក្សាចំណងមិត្តភាពដ៏ល្អរហូតដល់ ៧០ឆ្នាំ។ នៅក្នុងឪកាសសំខាន់នៃការបង្កើតទំនាក់ទំនងការទូតកន្លងមកកម្ពុជា​ និងអង់គ្លេស នឹងពង្រឹងទៅលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ធ្វើយ៉ាងឲ្យមានភាពស៊ីជម្រៅនាពេលអនាគត ដូចជា វិស័យពាណិជ្ជកម្ម ដែលជាវិស័យអាទិភាព ដោយរដ្ឋាភិបាលទាំង២ បានពិភាក្សា និងផ្តោតសំខាន់។ ដោយសារតែវិស័យពាណិជ្ជកម្មមិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅកាន់ចក្រភពអង់គ្លេសនោះទេ តែក៏បាន ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងទៅលើប្រទេសកម្ពុជា ពោលកឺការបង្កើនឲ្យមានឪកាសការងារកាន់តែច្រើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ទីពីរ តិសដៅក៏ដូចជា គោលដៅដែលកម្ពុជា និងអង់គ្លេស ចង់បានបន្ទាប់ពីការបង្កើតទំនាក់ទំនងជាង ៧០ ឆ្នាំនោះគឺ កម្ពុជា និងអង់គ្លេសនឹងធ្វើការជួយដល់ សហគមន៍ មានដូចជា កុមារ ស្រ្តី ជនមានពិការភាព ជនជាតិភាគតិច អ្នកស្រឡាញ់ភេទដូចគ្នា។ ទីបី គឺការរួមគ្នា ធ្វើនូវសកម្មភាពអនុស្សាវរីយ៍ជាច្រើនដើម្បីជំរុញភាពអស្ចារ្យ នៃប្រទេសទាំង២។

លើសពីនេះទៅទៀត ប្រទេសទាំង២ ក៏បង្ហាញពីក្តីសង្ឃឹម ការចរចារលើសេចក្តីព្រាងអនុស្សារណៈនៃការ យោគយល់ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងទៅដល់ផ្នែកសេដ្ឋកិច្ចផងដែរ ហើយក៏មានពីរចំណុចទៀតដែរ គឺប្រទេសទាំង២ ក៏នឹងបន្តនូវ កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា និងចក្រភពអង់គ្លេស ដែលបានធ្វើកាលពីកន្លងមក ហើយយើងឃើញ ថាមានភាពជោគជ័យក្នុងការអនុញ្ញាតឲ្យប្រទេសទាំង២ យល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀត តាម ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោកបានលើកឡើងថា លោកក៏បានស្នើបង្កើនកម្រិតកិច្ចសន្ទនា សិទ្ធិមនុស្សទៅជាការពិគ្រោះយោបល់នយោបាយ ជាពិសេសនៅ ក្នុងឆ្នាំនេះតែម្តង ហើយការស្នើឲ្យមានការពិគ្រោះយោបល់នយោបាយ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញ​ ឲ្យមានការសិក្សាពីគ្នាទៅវិញទៅមក ពិភាក្សានូវចំណុចខ្វះខាត និងពង្រឹងលើចំណុចដែលកំពុងមានភាព ល្អប្រសើរ ហើយស្វែងរកនូវឪកាសដើម្បីពង្រីក និងបង្កើននូវទំនាក់ទំនងទ្វេភាគីផងដែរ។

សំណួរទី៤៖ ជាចុងក្រោយ បើតាមការយល់ឃើញរបស់លោកក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវផ្តោត សំខាន់ទៅលើទំនាក់ទំនងរវាងកម្ពុជាចក្រភពអង់គ្លេស ក៏ដូចជា អាស៊ានចក្រភព អង់គ្លេស តើទំនាក់ទំនងរយៈពេល ៧ ទសវត្សន៍មកនេះ វាមានន័យយ៉ាងដូចម្តេច សម្រាប់កម្ពុជា និងចក្រភពអង់គ្លេស ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ផងដែរ?

លោក ឈួន វណ្ណដាសម្បត្តិ៖ ជាមួយទំនាក់ទំនងជាង ៧ ទសវត្សន៍កន្លងមក យើងអាចនិយាយបានថា ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានឈានទៅរកភាពចាស់ទុំនៃចំណងការទូត ទោះបីជាមានភាព រអាក់រអួលបន្តិចក្តីនៅក្នុង ទសវត្សន៍ទី ៦០, ៧០ និង៨០។ តួយ៉ាង យើងឃើញថាប្រទេសទាំង២ តែងតែធ្វើយ៉ាងណារក្សាចំណងមិត្តភាពរបស់ពួកគេដោយការយោគយល់ខ្ពស់ និងការព្យាយាមស្វែងរក កិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទីមកជាច្រើនវិស័យ ហើយប្រទេសទាំង ២ ក៏មានបំណង និងការបង្ហាញពីការរំពឹងទុកនាពេលអនាគត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន ជាពីសេសទៅលើវិស័យចាំបាច់មួយចំនួនគឺ បរិស្ថាន វិទ្យាសាស្រ្ត វិស័យអប់រំ ដែលជាវិស័យមួយដ៏ចម្បង សម្រា​ប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយដ៏ល្អ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចស្របទៅតានគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះទៅទៀត ប្រទេសទាំង២ ក៏បានធ្វើឲ្យចំណងមិត្តភាពមួយនេះ កាន់តែមានអត្ថន័យស្របពេលដែលពួកគាត់ធ្វើយ៉ាង ណាពង្រីកទំនាក់ទំនងការទូតនៃប្រទេសទាំង២ ឲ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទុលាយនាពេល ខាងមុខ ហើយរូបភាពនៃកិច្ចសហប្រតិបត្តិការទាំងអស់នេះមានអត្ថន័យមួយយ៉ាងសំខាន់ ទៅលើតំបន់ អាស៊ាន ហើយកាន់តែប្រសើរគឺ សមាជិកអាស៊ានក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៃវត្តមានរបស់ចក្រ ភពអង់គ្លេសក្នុងភាពជាសមាជិកដែគូកិច្ចសន្ទនា ឬ ASEAN Dialogue Partner ជាធាតុផ្សំមួយ ដែល សមាជិកអាស៊ាន ក៏ដូចជាកម្ពុជាគិតថាអង់គ្លេសនឹងមានភាពល្អប្រសើរ មានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជា ធាតុផ្សំក្នុងការបង្កើនដល់ការអភិវឌ្ឍន៍ ក្នុងតំបន់ឲ្យកាន់តែឈានទៅរកកម្រិតមួយទៀត។

ហើយខ្ញុំ មានសុទិដ្ឋិនិយមថា អង់គ្លេសនឹងក្លាយទៅជាដៃគូមួយដ៏ល្អក្នុងការបញ្ចូលធាតុផ្សំ បង្កើតឲ្យមាន ជម្រើសជាច្រើនសម្រាប់ប្រទេសជាសមាជិកអាស៊ាន ឲ្យទទួលបានការអភិវឌ្ឍន៍ទៅលើច្រើនវិស័យ ជា ពិសេសអង់គ្លេសក៏ជាប្រទេសមហាអំណាចមួយ និងជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់មួយ សង្ឃឹមថាអង់គ្លេសនឹងអាចបញ្ចូលក៏ដូចជា បង្ហាត់បង្រៀន ចែករំលែកនូវពត៌មានទាំងឡាយណា ដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាសមាជិកអាស៊ានផងដែរ។ ស្របពេលដែល មានជាឃ្លាមួយដែលលើក ឡើងថា «ស្រាចាស់ នៅក្នុងដបថ្មី» សម្តៅដល់ កាលពីមុនអង់គ្លេសក៏មានទំនាក់ទំនងជាមួយអាស៊ាន ដែរតែក្នុងក្របខណ្ឌនៃសហភាពអ៊ឺរ៉ុប បច្ចុប្បន្នអង់់គ្លេសចេញពីសហភាពអ៊ឺរ៉ុបហើយបង្កើតនូវភាពជាដៃគូ អាស៊ានថ្មីមួយ ហើយស្រាចាស់នៅក្នុងដបថ្មីមួយនេះ នឹងបញ្ចេញនូវភាពស្រស់ស្អាតក្នុងការសហការ ក៏ដូចជាសហប្រតិបត្តិការយ៉ាងធំហើយនឹងកាន់តែទូលំទូលាយផងដែរ។

នៅក្នុងនាមជាយុវជនអាស៊ាន យើងក៏បានត្រៀមរួចជាស្រេចក្នុងការចូលរួមគាំទ្រ នាពេលបច្ចុប្បន្នដែលយើងក៏បានចាប់ផ្តើមនូវគម្រោង យុវជនមួយគឺ គម្រោងគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេង មានគោលបំណងតភ្ជាប់ ផ្សព្វផ្សាយ និងអភិវឌ្ឍ ទំនាក់ទំនងរវាងងាស៊ាន និងចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ន និងអនាគត ហើយយើងសង្ឃឹមថានឹង មានការចូលរួមជាសកម្មភាពជាច្រើន ដែលជាធាតុចូលសម្រាប់ពង្រឹងទៅលើកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងអង់គ្លេស ក៏ដូចជាប្រទេសជាសមាជិកអាស៊ាន និងអង់គ្លេស។ ហើយយើងក៏រង់ចាំ ប្រសិនជាមានការសហការណាមួយដែលនឹងជួយផ្តោតសំខាន់ទៅលើគោលដៅតែមួយ៕

*****

វាគ្មិនកិត្តិយស៖ លោក ឈួន វណ្ណដាសម្បត្តិ អ្នកសម្របសម្រួលទូទៅនៃគម្រោងគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចក្រភពអង់គ្លេស (ASEAN-UK Young Leaders Initiative)“ASEANUK-YLI”

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner